លោកសាស្ដ្រាចារ្យកវីនិពន្ធជើងចាស់ ពេជ្រ ទុំក្រវ៉ិល ផ្ដែផ្ដាំកូនខ្មែរឲ្យចៀសឆ្ងាយពីជំងឺ ៣
Posted by Unknown
Posted on 01:39
with No comments
loading...

ក្រៅពីនេះ ប្រជាជនខ្មែរជាពិសេសសិស្សានុសិស្សខ្មែរទូទៅបានស្គាល់ កវី ពេជ្រ ទុំក្រវ៉ិល តាមរយៈស្នាដៃសរសេរសៀវភៅភាសាខ្មែរគ្រប់កម្រិត ក៏ដូចជាមេរៀនប្រវត្តិសាស្រ្តខ្មែរមួយចំនួនធំទៀតដែលបានដកស្រង់ និងស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តនានាពីអ្នកស្រាវជ្រាវជនជាតិ បារាំង អាមេរិក និងប្រវត្តិវិទូខ្មែរផងដែរ។
ប្រវត្តិសិក្សារបស់លោក ពេជ្រ ទុំក្រវ៉ិល មានស្រុកកំណើតនៅ ភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ក្នុងគ្រួសារជាកសិករធូរធារកាលពីនៅជាកុមារភាពលោកបានមករៀននៅរាជធានីភ្នំពេញនៅក្នុងទសវត្សរ៍ឆ្នាំ ៦០។ លោកបានបញ្ចប់ថ្នាក់ចំណេះដឹងទូទៅរួចបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យ ឬក៏សាលាល្ខោនជាតិ ដោយឆ្លងកាត់ការប្រឡងជ្រើសរើសយ៉ាងហ្មត់ចត់ និងសម្រាំងយកតែអ្នកមានទេពកោសល្យផ្នែកសិល្បៈពិតប្រាកដប៉ុណ្ណោះ។
លោកតារំឭកថា៖ «សាលាល្ខោនជាតិមានតែមុខវិជ្ជាល្ខោននិយាយមួយមុខគត់ ហើយល្ខោនប្រភេទនេះមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសម័យសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ និងទទួលបានការគាំទ្រពីពលរដ្ឋខ្មែរទូទាំងប្រទេស»។
លោកតាបន្តថា សាស្ដ្រាចារ្យល្បីៗដែលជាអ្នកទទួលបន្ទុករៀបចំបណ្តុះបណ្តាលល្ខោននិយាយមានដូចជាលោកគ្រូ មាស គក់ គ្រូ ហង្ស ធុនហាក់ និងលោកគ្រូ ពៅ យូឡេង ជាដើម។
ក្រោយមកនៅក្នុងទសវត្សរ៍ ឆ្នាំ៦០ ដដែលនោះសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បានបើកដំណើរការដាក់បញ្ចូលឲ្យមានមហាវិទ្យាល័យចំនួនប្រាំដែលមានដូចជា មហាវិទ្យាល័យ សូនរូប ស្ថាបត្យកម្ម បុរាណវិទ្យា នាដសាស្ត្រ និងតូរ្យតន្ត្រី ហើយនោះជាពេលដែលលោកតាបានចូលរៀនបន្តនៅក្នុងមហាវិទ្យាល័យ នាដសាស្ត្រ ទៀតដែលលោកបានចាប់យកមុខវិជ្ជាសរសេររឿង និងសម្តែងរឿង។
ខណៈពេលកំពុងសិក្សាលោកបានចុះទៅស្រាវជ្រាវអំពីវប្បធម៌សិល្បៈបុរាណខ្មែរនៅតាម តំបន់នានាក្នុង ប្រទេសកម្ពុជា និងយកមករៀបរៀងព្រមទាំងសម្តែងជាថ្មីដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យនៃសិល្បៈទាំងនោះឲ្យបានទូលំទូលាយសាជាថ្មី។
លោកកវីជើងចាស់បានលើកឡើងថា៖ «ខ្ញុំបានចុះទៅ ខេត្តតាកែវ ដើម្បីស្រាវជ្រាវរឿងល្ខោនយីកេជាច្រើនខែពីលោកតា ឃី និងលោកតា ឌួង ដែលលោកទាំងពីរជាអ្នកដឹកនាំការសម្តែងយីកេមហាជនដ៏មានប្រជាប្រិយក្នុងសម័យដើម»។
ក្រោយពីសិក្សាស្វែងយល់និងសរសេរចងក្រងពីដំណើររឿងយីកេចប់សព្វគ្រប់ លោកក៏បានត្រឡប់មក ភ្នំពេញ វិញនិងរៀបចំសាច់រឿង និងការសម្តែងជាថ្មីតាមរយៈរឿងល្ខោនយីកេ។
លោកតាបញ្ជាក់ថា៖ «រឿងយីកេថ្មីដែលខ្ញុំរៀបរៀងឡើងវិញមិនបាត់បង់នូវអត្ថន័យដើម របស់សាច់រឿងនោះឡើយ ហើយមានរបៀបរៀបរយជាងយីកេមហាជនទៀតផង ដូចជាពេលឈុតកម្សត់ គឺកម្សត់ កំប្លែង គឺកំប្លែង មិនលាយឡំគ្នាឡើយ។ នៅពេលក្រុមសិល្បៈសាកលវិទ្យាល័យសម្តែងសាច់រឿងល្ខោនយីកេរបស់លោក ឃី និងតា ឌួង ជាថ្មី លោកទាំងពីរមានការកោតសរសើរពីស្នាដៃរបស់ខ្ញុំ ហើយបានអនុញ្ញាតឲ្យក្រុមការងាររបស់ខ្ញុំបានដើរសម្តែងចែកជូនដល់ពលរដ្ឋទូទៅតាមរោងមហាស្រពនានានៅក្នុងខេត្តនីមួយៗទៀតផង»។
លោកបានបន្ដថា៖ «ខ្ញុំនៅចាំបានថា ការសម្តែងល្ខោនយីកេរឿង ទុំ ទាវ មុនដំបូងគឺនៅក្នុងការសម្ពោធរោងមហាស្រព សីហនុ ខេត្តកំពង់ចាម ដែលព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ និងព្រះមហាក្សត្របច្ចុប្បន្ន [ព្រះបាទ នរោត្តម សីហមុនី] យាងទតដោយផ្ទាល់ទៀតផង»។
លោកតាបានឲ្យដឹងថា៖ «ក្រុមសិល្បៈខ្មែរយើងបានទទួលការគាំទ្រជាខ្លាំងនៅពេលទៅសម្តែងនៅក្រៅប្រទេស ជាពិសេស ម៉ាឡេស៊ី ហើយពេលត្រឡប់មកខ្មែរវិញ ខ្ញុំត្រូវបានរដ្ឋាភិបាលសង្គមរាស្ត្រនិយមលើកទឹកចិត្តផ្តល់សិទ្ធិទិញឡានមួយគ្រឿងដោយមិនចាំបាច់បង់ពន្ធដូចគ្នានឹងតំណាងរាស្ត្រដែរ»។
ស្នាដៃតែងនិពន្ធរបស់លោកកវី ពេជ្រ ទុំក្រវ៉ិល លោកតា ពេជ្រ ទុំក្រវ៉ិល បានបន្សល់ទុកនូវស្នាដៃជាច្រើនដែលត្រូវបានបែងចែកជា ៤ ប្រភេទក្រោយពីបានធ្វើស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ប្រភេទទីមួយគឺជាក្រុមល្ខោន រួមមានមហោរី យីកេ បាសាក់ និងល្ខោនចម្រុះដែលមានសិល្បករសម្តែងច្រើនពី ៥០០ ទៅ ១០០០ នាក់ឯណោះ។
ប្រភេទ ទី២ គឺជាក្រុមកំណាព្យ ដូចជាសៀវភៅកំណាព្យចង្រិតដែក ដែលនិយាយពីការឈ្លោះប្រកែកគ្នារបស់ខ្មែរតាំងពីសម័យដើម ហើយក្រោយមកលោកបាននិពន្ធសៀវភៅកំណាព្យខ្មែរអើយខ្ញុំសុំ។ ថ្ងៃអនាគតសៀវភៅនេះនៅតែអាចក្រើនរំឭក និងដាស់តឿនស្មារតីខ្មែរឲ្យឈប់ឈ្លោះគ្នាតទៅទៀតហើយស្នាដៃ កំណាព្យមួយទៀតដែលមានការនិយមច្រើនគឺសៀវភៅសិល្បៈតែងនិពន្ធកំណាព្យដែលអត្ថបទកំណាព្យក្នុងសៀវភៅនេះត្រូវបានដកស្រង់យកទៅដាក់នៅក្នុងកម្មវិធីសិក្សារបស់ក្រសួង អប់រំ ផងដែរ។
ប្រភេទ ទី៣ គឺជាក្រុមប្រវត្តិសាស្រ្តដែលស្នាដៃចុងក្រោយរបស់លោកគឺសៀវភៅប្រវត្តិសាស្ត្រ ពង្សាវតារព្រះមហាក្សត្រខ្មែរ ដែលរៀបរាប់ពីប្រវត្តិរបស់ក្សត្រាខ្មែរគ្រប់ជំនាន់ និងអំពីព្រឹត្តការណ៍សំខាន់ៗដែលកើតឡើងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងសង្គមខ្មែរ ព្រមទាំងសៀវភៅប្រវត្តិសាស្ត្រខ្លីៗមួយចំនួនទៀត។
រីឯប្រភេទ ទី៤ គឺជាក្រុមស្រាវជ្រាវ ជាប្រភពឯកសារនានាដែលរៀបរាប់ពីរឿងរ៉ាវសង្គមរបស់ខ្មែរជំនឿសាសនា ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី និងសិល្បៈខ្មែរច្រើនជាង ១០ ក្បាលទៀត។
ឯកសារត្រូវបានបំផ្លាញក្នុងរបប ប៉ុល ពត
ជាអកុសលក្នុងរបប ប៉ុល ពត ឯកសាររបស់លោកតាត្រូវបានបំផ្លាញស្ទើរតែគ្មានសល់ទេ។ ប៉ុន្តែ ក្រោយមកលោកតាបានព្យាយាមស្វែងរកឯកសារមកវិញមួយចំនួន និងបានរក្សាទុកក្នុងបណ្ណាល័យគ្រួសារ «ជួន ជា» ស្ថិតក្នុង ភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
លោកឲ្យដឹងថា៖ «មកដល់ពេលនេះតានៅតែមានគម្រោងធ្វើការស្រាវជ្រាវបន្ថែមពី វប្បធម៌ខ្មែរ និងចង់ស្វែងរកឧបករណ៍ខ្មែរដែលបានបាត់បង់មករក្សាទុកក្នុងសៀវភៅរបស់តាសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សានិងស្គាល់ពីរបស់ខ្មែរ»។
បណ្តាំរបស់លោកតាកវី ពេជ្រ ទុំក្រវ៉ិល ជូនយុវជនជំនាន់ក្រោយ
នៅក្នុងសម័យសាកលភាវូបនីយកម្មនេះ ការជ្រាបចូលនៃវប្បធម៌របស់ជាតិដទៃជារឿងធម្មតា វាដូចជាទឹកដែលបាក់មក។ តែលោកតាផ្តល់ជាយោបល់ថា៖ «តានៅតែមានសង្ឃឹមថា វប្បធម៌ខ្មែរនៅតែឈរមាំ។ បើក្មេងជំនាន់ក្រោយខិតខំបង្កើនសមត្ថភាពរបស់ខ្លួនឯងឲ្យបានពូកែ ខិតខំពង្រីកចំណេះដឹង និងថែរក្សាអ្វីដែលខ្លួនមានផងនោះទើបវប្បធម៌របស់យើងនឹងនៅតែរឹងល្អផូរផង់ដដែល និងមានឱកាសផ្សព្វផ្សាយដល់ពិភពលោកឲ្យបានយល់ និងទទួលស្គាល់»។
លោកបានផ្ដែផ្ដាំថា៖ «បើសិនជាអ្នកសិល្បៈវិញ ត្រូវប្រយ័ត្នពីជំងឺបី។ ជំងឺ ទី១ គឺ [ជំងឺប្រុសស្រី] មិនត្រូវយកខ្លួនឲ្យជាប់ពាក់ព័ន្ធរឿងស្នេហាប្រុសស្រីពីរបី ដណ្ដើមពីគេឯងដែលនាំទុក្ខអាប់ឈ្មោះ អាប់រស្មីនោះទេ។ ត្រូវធ្វើខ្លួនឲ្យថ្លៃ ទើបមានតម្លៃដល់សង្គម និងគប្បីនឹងអ្នកគាំទ្ររបស់យើង។ ជំងឺ ទី២ គឺ [ជំងឺជោរ] មិនត្រូវមានសេចក្តីក្រអឺតក្រទម ឬទំយើ លើស្នាដៃរបស់ខ្លួនឡើយ។ តែត្រូវចេះដាក់ខ្លួន និងចេះរាក់ទាក់រាប់អានមនុស្សផងទាំងឡាយពីព្រោះតាមពិតទៅយើងជា អ្នកបង្កើត ឬបង្ហាញអ្វីមួយដល់មហាជន ហើយមហាជនទេដែលជាអ្នកផ្តល់តម្លៃមកឲ្យយើងជាអ្នកសិល្បៈ។ ជំងឺ ទី៣ គឺ [ជំងឺល្មោភនឹងលាភសក្ការៈ] ពេលណាយើងធ្លាក់ខ្លួនជាទាសករទឹកប្រាក់ យើងនឹងធ្វើអ្វីក្បត់មនសិការខ្លួនឯង។ ដូច្នេះទើបអ្នកសិល្បៈជំនាន់ក្រោយគ្រប់គ្នាគួរគប្បីកុំប្រមាថ»។
គួររំឭកថា លោកតា កវី ពេជ្រ ទុំក្រវ៉ិល សព្វថ្ងៃជាទីប្រឹក្សានៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈដែលមានឋានៈស្មើនឹងរដ្ឋមន្រ្តី៕
loading...
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น