នាយពែរមី ៖ មានថ្ងៃនេះក៏ព្រោះតែអ្នកគាំទ្រស្រលាញ់រាប់អាន
Posted by Unknown
Posted on 06:33
with No comments
រាជធានីភ្នំពេញ ៖ ជារៀងរាល់ថ្ងៃសៅរ៍ ក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ស្ថានីយទូរទស្សន៍CTN តែងតែឃើញវត្តមានក្រុមកំប្លែងរបស់នាយពែរមីសម្តែងដើម្បីបង្កើតភាពសប្បាយរីករាយដល់ទស្សនិកជន ។ លោកពែរមីគឺជាតារាកំប្លែងមួយដួងដ៏មានប្រជាប្រិយភាព ដែលជាកូនកសិកររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ប៉ុន្តែដោយសារតែលោកមានទេពកោសល្យក្នុងការសម្តែង ម៉្លេះហើយទើបធ្វើឱ្យរូបលោក និងគ្រួសារមានជីវភាពធូរធារ ហើយជាពិសេសនោះលោកកំពុងទទួលបានការគាំទ្រយ៉ាងច្រើននៅក្នុងពិភពសិល្បៈ ។
លោកចែម ចាន់ដារ៉ា ហៅនាយពែរមី ប្រាប់កោះសន្តិភាពឱ្យដឹងថា លោកជាកូនច្បងក្នុងចំណោមបងប្អូន៧នាក់(ប្រុស៥ស្រី ២)មានឪពុកឈ្មោះងួន សារឹម ជាកសិករ ម្តាយឈ្មោះស៊ឹម សីម៉ាន ជាកសិករ ។ ដោយសារតែជីវភាពក្រលំបាកពេក នាយសម្រេចចិត្តបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ នៅអនុវិទ្យាល័យជីភូ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយងាកមកបម្រើខាងព្រះពុទ្ធសាសនា បួសជាព្រះសង្ឃនៅវត្តសុវណ្ណរង្សី នៅស្រុកកំណើតរបស់ខ្លួន ។ បន្ទាប់ពីបួសបាន៣វស្សា លោកបានសឹកមកធ្វើការងាររោងចក្របាន១ឆ្នាំ ក៏ទៅធ្វើជាទាហាន នៅកងពលតូចអន្តរាគមន៍លេខ១ ឈរជើងនៅតំបន់លង្វែក ខេត្តកំពង់ឆ្នាំង ។ រយៈពេល២ឆ្នាំក្រោយ លោកឈប់ធ្វើជាទាហានមកធ្វើជាកម្មករសំណង់វិញ ។ ក្នុង១ថ្ងៃលោកទទួលបានប្រាក់កម្រៃតិចតួចបំផុត គឺបានតែ៦.០០០រៀលប៉ុណ្ណោះ ហើយមិនហ៊ានចាយវាយផ្តេសផ្តាសទេ ដោយនៅក្នុង១ថ្ងៃលោកចំណាយតែ២.០០០រៀល ដើម្បីទិញម្ហូបចំនួន២ពេល ហើយចំពោះប្រាក់ដែលនៅសល់លោកសន្សំទុកផ្ញើទៅឱ្យឪពុកម្តាយនៅឯស្រុក ។
នាយពែរមីឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០០៧ លោកបានជួបជាមួយភរិយារបស់លោកគឺនៅក្នុងពេលដែលលោកកំពុងធ្វើសំណង់ ។ កន្លែងធ្វើការនៅជិតកន្លែងស្នាក់នៅរបស់ភរិយាលោកធ្វើឱ្យលោកលួចស្រលាញ់នាង ហើយចែចូវរូបនាងតែម្តង។ ដោយសារតែចិត្តស្រលាញ់ខ្លាំងពេកលោកបានឱ្យឪពុកម្តាយចូលស្តីដណ្តឹងនាង ហើយគ្រួសារខាងស្រីបង្គាប់ថ្លៃទឹកដោះចំនួន៥០០ដុល្លារ ។ ព្រោះតែជីវភាពក្រីក្រលោកមានតែប្រាក់ចំនួន២៥០ដុល្លារ ក៏ខ្ចីមិត្តភក្តិចំនួន៥០ដុល្លារបន្ថែមទៀតទៅប្រគល់ឱ្យគ្រួសារខាងស្រី ដោយលោកជំពាក់ខាងស្រីចំនួន២០០ដុល្លារសិន ពេលរៀបការហើយលោកសងវិញ ។ លោកមិននឹកស្មានថាមង្គលការរបស់លោកអាចកើតឡើងបានទេ ដោយសារតែជីវភាពរបស់លោក ហើយគ្រួសារខាងភរិយារបស់លោកក៏មិនមែនជាគ្រួសារធូរធារដែរ តែទីបំផុតមង្គលការដ៏តូចតាចនេះក៏បានចប់ទៅយ៉ាងរលូនដោយមានការអញ្ជើញភ្ញៀវត្រឹមតែ៥តុប៉ុណ្ណោះ ។ បន្ទាប់ពីចាប់ដៃគ្នាជាប្តី-ប្រពន្ធហើយលោកនិងភរិយាបានត្រឡប់ទៅធ្វើការដូចកាលពីមុន ដោយភរិយារបស់លោកធ្វើជាកម្មការិនីរោងចក្រ ឯលោកធ្វើជាកម្មករសំណង់ ។
នៅក្នុងឆ្នាំ២០០៩ ដោយលោកពែរមីស្រលាញ់ខាងផ្នែកសិល្បៈ និងមាននិស្ស័យខាងសិល្បៈតាំងពីតូចមកម៉្លេះក៏ដាក់ពាក្យប្រឡងធ្វើជាតារាកំប្លែងនៅស្ថានីយទូរទស្សន៍ CTN ពេលជ្រើសរើសតារាកំប្លែង តាមរយៈកម្មវិធី«មហាកំប្លែង»។ នៅក្នុងការប្រឡងនេះនាយពែរមីបានឆ្លងកាត់ការជម្រុះចំនួន៥វគ្គ និងបានជោគជ័យ ហើយក៏បានក្លាយជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍CTN រហូតមកដល់សព្វថ្ងៃនេះ ។លោកឱ្យដឹងថា ជីវិតសិល្បៈគឺលោកបានចាប់ផ្តើមពីថ្ងៃទី១ មករា ឆ្នាំ២០១០ ហើយអាជីពជាកម្មករសំណង់ក៏បានបញ្ចប់នៅថ្ងៃនោះផងដែរ ។ ចំពោះក្រុមរបស់លោកសព្វថ្ងៃនេះស្ថិតក្រោមការដឹកនាំរបស់លោកតាវិចទ័រ ។ រឿងដែលលោកបានទទួលភាពល្បីល្បាញ ហើយមានគេទទួលស្គាល់នោះគឺរឿងថាំង ចេងចម្លងធម៌ ប៉ុន្តែរឿងនេះមិនមែនជារឿងដំបូងទេ មុនរឿងនេះលោកបានសម្តែងចំនួន៤រឿងមកហើយ ប៉ុន្តែមិនបានទទួលភាពល្បីល្បាញទេ ។
ក្រៅពីសម្តែងកំប្លែង ឆ្លៀតពេលខ្លះលោកនិពន្ធបទចម្រៀងប្លែកៗសម្រាប់សាច់រឿងកំប្លែង ដូចជាបទអង្វរម៉ែក្មេក អ្នកលក់ធ្យូង និងបទជាច្រើនទៀត ដែលបទនីមួយៗលោកបានទទួលការគាំទ្រច្រើន ។ តាមពិតលោកចេះតែនិពន្ធលេងៗប៉ុណ្ណោះ ដើម្បីបង្កើនការសប្បាយរីករាយ ហើយលោកត្រៀមបង្កើតបទជាច្រើនទៀត ប៉ុន្តែពេលនេះមិនមានពេលវេលាទេ ដោយសារលោកចូលភាគហ៊ុនបើកសម្អាងការជាមួយមិត្តភក្តិ និងទៅច្រៀងកាត់សក់ផងដែរ ។ យើងសង្កេតឃើញថាក្រៅពីនេះ លោកត្រូវផលិតកម្មមួយចំនួនទាក់ទងឱ្យទៅថតជាខារ៉ាអូខេ និងថតស្ប៉តពាណិជ្ជកម្មផងដែរ ។
តារាកំប្លែងរូបនេះបានបន្ថែមទៀតថា «កាលពីមុនខ្ញុំរកតែអង្ករច្រកឆ្នាំងសឹងតែមិនបាន តែពេលនេះដោយសារតែមានបងប្អូនលោកអាណិតអាសូររូបខ្ញុំ ហើយបានអញ្ជើញរូបខ្ញុំឱ្យទៅសម្តែង ដូច្នេះហើយទើបខ្ញុំអាចមានប្រាក់កាសដែលអាចធ្វើឱ្យជីវភាពគ្រួសារធូរធារ ជាងមុនអាចចិញ្ចឹមកូនប្រពន្ធ និងជួយបងប្អូន ឪពុកម្តាយទៀតផង» ។
បច្ចុប្បន្ននេះលោកពែរមី មានកូនចំនួន២នាក់ ស្រីអាយុ២ខួប និងកូនប្រុសអាយុ៣ខែ ។ នាយបានកើតនៅថ្ងៃទី១ កក្កដា ឆ្នាំ១៩៨១ នៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ៕
ប្រភពពី៖ ព្រះអាទិត្យ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น