Home » » គ្រឹះ​​ដ៏​​រឹង​មាំ ​​៦ យ៉ាង ព្រាប សុវត្ថិ នៅ​តែ​​មាន​​ប្រជាប្រិយភាព​​ខ្ពស់​​ពី​​មហាជន

គ្រឹះ​​ដ៏​​រឹង​មាំ ​​៦ យ៉ាង ព្រាប សុវត្ថិ នៅ​តែ​​មាន​​ប្រជាប្រិយភាព​​ខ្ពស់​​ពី​​មហាជន



អ្នក​ជំនាញ​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍ តន្ត្រីករ និង​ អ្នក​សារព័ត៌មាន​ បាន​បង្ហាញ​​មូលដ្ឋានគ្រឹះ ​​៦​ យ៉ាង​ធ្វើ​ឱ្យ​ ព្រាប សុវត្ថិ នៅ​តែ​​មាន​ប្រជាប្រិយភាព ស្ថិត​ក្នុង​ដួង​ចិត្ត​​មហាជន។ ទាំង​នេះ​បើ​ទោះ​ជា​បច្ចុប្បន្ន​លោក​មិន​មាន​បទ​ចម្រៀង​ណា​មួយ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​មុន​ក្ដី។
មូលដ្ឋានគ្រឹះ​ទាំង ៦​ យ៉ាង​​អ្នក​ជំនាញ​ទាំង​បី​ផ្នែក​កត់​សម្គាល់​ឃើញ​មាន​ដូច​ជា៖
ទី១ ព្រាប សុវត្ថិ ទស្សនិកជន​ខ្មែរ​ចាត់​ទុក​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​ កម្ពុជា។
ទី២ ព្រាប សុវត្ថិ លែង​ស្ទីល​តុបតែង​ខ្លួន​ប្លែក និង​ ប្រែប្រួល​គ្រប់​ពេល គ្រប់​កាលៈទេសៈ។
ទី៣ ព្រាប សុវត្ថិ អាច​ច្រៀង​បត់បែន​បាន​គ្រប់​ស្ទីល​ទាំង​អស់ ដែល​តារា​ចម្រៀង​ផ្សេង​ទៀត​ធ្វើ​មិន​ទាន់​បាន។
ទី៤ ព្រាប សុវត្ថិ មាន​អត្តចរិត​ស្លូតបូត​ រួសរាយ​រាក់ទាក់​គួរ​ឱ្យ​​ទស្សនិកជន​គោរព​ស្រលាញ់។
ទី៥ ព្រាប សុវត្ថិ​ ជា​តារា​ចម្រៀង​ចូលចិត្ត​គោរព​ពេល​វេលា និង​ ឱ្យ​តម្លៃ​ការងារ​អ្នក​ដទៃ​បំផុត។
ទី៦ ព្រាប សុវត្ថិ បើក​ចំហ​​រឿង​​ផ្ទាល់​ខ្លួន រួម​នឹង​គ្រួសារ។
អ្នក​គ្រប់គ្រង​កម្មវិធី តន្ត្រី​យុវវ័យ​ស្ថានីយ​ទូរទស្សន៍ បាយ័ន​លោក គង់ វិសាល ប្រាប់​ថា អាកប្បកិរិយា​​ ស្លូតបូត រួសរាយ​រាក់ទាក់​គួរ​ឱ្យ​គោរព​របស់ ព្រាប សុវត្ថិ ធ្វើ​ឱ្យ​មហាជន​​ខ្មែរ​នៅ​តែ​ស្រលាញ់​ពេញ​ខ្លាំង។
លោក គង់ វិសាល​ បញ្ជាក់​ដូច្នេះ​ថា៖ “មិន​ថា​តែ​មហាជន​ទេ​​នៅ​ឱ្យ​តម្លៃ​គាត់ សូម្បីតែ​តារា​គ្នា​ឯង រួម​នឹង​អ្នក​គ្រប់គ្រង​ផលិតកម្ម​វិធី ក៏​ឱ្យ​តម្លៃ​គាត់​ជាង​គេ​ដែរ”។
អ្នក​គ្រប់គ្រង​កម្មវិធី​រូប​នេះ​បន្ត​ថា ការ​រៀប​ចំ​ផែន​ការ​ច្បាស់លាស់​ទុក​ជា​មុន ពេល​ចេញ​សម្ដែង​កម្មវិធី​ម្ដងៗ ធ្វើ​ឱ្យ​កំពូល​តារា​ចម្រៀង​ខាង​លើ​ដិត​ជាប់​អារម្មណ៍​មហាជន​ជា​និច្ច។
និយាយ​ដោយ​គិត​ថា​កម្រ​នឹង​មាន​តារា​ផ្សេង​អាច​ជែង​ប្រជាប្រិយភាព​​នឹង​ ព្រាប សុវត្ថិ បាន ​​តន្ត្រីករ​ល្បី​ឈ្មោះ​លោក រ៉េតធី​ ដូណា ឱ្យ​ដឹង​ថា ចំណុច​ទាំង​៦​យ៉ាង​ខាង​លើ គឺ​ជា​អាវុធ​ដ៏​រឹង​ម៉ាំ ធ្វើ​ឱ្យ​តារា​រូប​នេះ​អាច​ឈរ​លើ​កំពូល​បាន​តទៅ​ទៀត បើ​ទោះ​បី​ជា​បច្ចុប្បន្ន​បទ​ចម្រៀង​លោក​ ហាក់​ធ្លាក់​ចុះ​​ជាង​មុន​ក៏​ដោយ។
លោក​បាន​លើក​ឡើង​ថា៖ “គាត់​ក្រសោប​បាន​អារម្មណ៍​ទស្សនិកជន​ជាង​ ១០​ ឆ្នាំ​ ទៅ​ហើយ ដូច្នេះ​គេ​មិន​ងាយ​ភ្លេច​គាត់​ទេ នៅ​តែ​គាំទ្រ​ដដែល​ហ្នឹង ទោះ​ជា​ចម្រៀង​គាត់​បច្ចុប្បន្ន​ស្រុត​ចុះ​ខ្លះ​ក្ដី”។
ដោយ​ឡែក​ លោក សេត គឹម​សឿន អតីត​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ ទើប​ចេញ​ទៅ​ផលិតកម្ម​វិធី​នៅ​ទូរទស្សន៍ CNC នា​ពេល​ថ្មីៗ និយាយ​ថា ការ​បើក​ចំហ​ព័ត៌មាន​ផ្ទាល់​ខ្លួន ដោយ​មិន​លាក់លៀម​ជា​មួយ​ក្រុម​អ្នក​យក​ព័ត៌មាន ធ្វើ​ឱ្យ​អ្នក​យក​ព័ត៌មាន​នានា​គោរព និង​ភាគ​ច្រើន​សរសេរ​តែ​រឿង​ល្អៗ​ប៉ុណ្ណោះ។ ខុស​ប្លែក​ពី​តារា​ផ្សេង​ទៀត​តែងតែ​ចូល​ចិត្ត​លាក់​បាំង​ព័ត៌មាន​ផ្ទាល់​ខ្លួន។
​រឿង​ដ៏​សំខាន់​មួយ​ទៀត​ធ្វើ​ឱ្យ​អតីត​អ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ខាង​លើ​ចាប់​អារម្មណ៍​ខ្លាំង​គឺ តម្លៃ​ខ្លួន​តារា​ចម្រៀង​ ព្រាប សុវត្ថិ នៅ​តែ​ខ្ពស់​ជាង​តារា​ដទៃ​ដាច់ ទោះ​ជា​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​និពន្ធ​ណា និពន្ធ​បទ​ចម្រៀង​ឱ្យ​ល្បី​ដូច​មុន​ក៏​ដោយ។
ព្រាប សុវត្ថិ ឈរ​ជា​កំពូល​តារា​ចម្រៀង​ជាង ១៥​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩​មក។ បទ​ចម្រៀង​ចាស់ៗ​ពី​កំពូល​តារា​ចម្រៀង​រូប​នេះ​នៅ​តែ​ដិត​ជាប់​ក្នុង​អារម្មណ៍​មហាជន​ខ្មែរ ទាំង​ចាស់ ទាំង​ក្មេង។ បច្ចុប្បន្ន​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ ហាក់​ធ្លាក់​ចុះ​បន្តិច ព្រោះ​បទ​ចម្រៀង​ចេញ​លក់​លើ​ទីផ្សារ​មិន​សូវ​ផ្ទុះ​ខ្លាំង​ដូច​មុន៕





Share this article :

0 ความคิดเห็น:

แสดงความคิดเห็น