ពួកបំបែកខ្លួននិយមស្និទ្ធរុស្ស៊ីវាយប្រហារលើទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូលរបស់អ៊ុយក្រែនស្លាប់30នាក់
Posted by Unknown
Posted on 09:18
with No comments
ពួកបំបែកខ្លួននិយមស្និទ្ធរុស្ស៊ីប្រកាសកាលពីថ្ងៃទី២៤ មករា ពីការវាយប្រហារប្រឆាំងទីក្រុងកំពង់ផែយុទ្ធសាស្ត្រម៉ារីអ៊ូប៉ូល ជាទីក្រុងធំចុងក្រោយនៅភាគខាងកើតអ៊ុយក្រែន ស្ថិតក្រោមការកាន់កាប់ត្រួតត្រារបស់ក្រុងគៀវ បណ្តាលឱ្យជនស៊ីវិលស្លាប់យ៉ាងតិច៣០នាក់ ខណៈមានការគាបសង្កត់របស់អន្តរជាតិប្រឆាំងក្រុងមូស្គូ ដែលត្រូវចោទថា ជាអ្នកជួយទ្រទ្រង់ដល់ពួកឧទ្ទាម ។
លោក អាឡិច សាន់ដ្រ៍ ហ្សាខាត ឆេនកូ ប្រមុខរបស់ពួកឧទ្ទាម ថ្លែងថា ការវាយប្រហារលើទីក្រុងម៉ារីអ៊ូប៉ូល ចាប់ផ្តើមនាថ្ងៃទី២៤ មករា តែលោកអះអាងថា នឹងពុំមានការវាយលុកចូលទីក្រុងនេះឡើយ ។
ប្រាកដហើយ ការដណ្តើមយកទីក្រុងឧស្សាហកម្មនេះ ដែលមានប្រជាជនកន្លះលាននាក់ នឹងបង្កើតជាស្ពានមួយតភ្ជាប់រវាងរុស្ស៊ី និងតំបន់គ្រីមេ ដែលបញ្ចូលក្នុងដែនដីរុស្ស៊ី កាលពីខែមីនា ២០១៤ ។
លោក ហ្សាខាត ឆេនកូ បានបដិសេធការទទួលខុសត្រូវរបស់ពួកឧទ្ទាមក្នុងការបាញ់ផ្លោងគ្រាប់រ៉ុក្កែតនាពេលព្រឹក លើសង្កាត់មានប្រជាជនរស់នៅច្រើនកុះករមួយ ដោយចោទថា នោះជាស្នាដៃរបស់កងទ័ពទីក្រុងគៀវ ។
ទីក្រុងម៉ារីអ៊ូប៉ូល រងការវាយប្រហារជាពិសេសដោយរ៉ុក្កែតចម្រុះ ធុន Grad ។ ពួកអ្នកសង្កេតការណ៍របស់អង្គការ OSCE សន្និដ្ឋានថា គ្រាប់រ៉ុក្កែតទាំងនេះបាញ់ចេញពីមូលដ្ឋាន២ ត្រួតត្រាដោយពួកបំបែកខ្លួន ។ គ្រាប់បានធ្លាក់ចម្ងាយ៤០០ម៉ែត្រ ពីបារ៉ាស់មួយរបស់កងទ័ពអ៊ុយក្រែន ។
ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ បានបរិហារថា នោះជាអំពើភេរវកម្ម និងជាឧក្រិដ្ឋកម្មមួយប្រឆាំងមនុស្សជាតិ ហើយសន្យាថា ប្រទេសរបស់លោកនឹងធ្វើការប្រយុទ្ធរហូតដល់ដណ្តើមបានជោគជ័យទាំងស្រុង ប្រឆាំងពួកបំបែកខ្លួន ។ លោកបានកាត់បន្ថយពេលទស្សនកិច្ចរបស់លោកនៅអារ៉ាប៊ីសាអ៊ូឌីត ចូលរួមក្នុងពិធីបុណ្យព្រះសពព្រះមហាក្សត្រអាប់ដាល់ឡាហ៍ ដើម្បីដឹកនាំនាថ្ងៃទី២៥ មករា នូវកិច្ចប្រជុំវិសាមញ្ញមួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារប្រទេស ។
យោងតាមប្រភពនានារបស់សហភាពអឺរ៉ុបថា ប្រមុខការទូតរបស់ប្រទេស២៨ ជាសមាជិកសហភាពអឺរ៉ុប ត្រូវរួមប្រជុំគ្នាក្នុងសប្តាហ៍នេះនៅទីក្រុងព្រុចសែល លើសំណុំរឿងអ៊ុយក្រែន ។ ប្រទេសឡេតូនី ប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប ទាមទារឱ្យដាក់ទណ្ឌកម្មថ្មីៗទៀតប្រឆាំងក្រុងមូស្គូ ដោយវាយតម្លៃថា រុស្ស៊ីជាអ្នកទទួលខុសត្រូវពេញទីលើការវាយប្រហាររបស់ពួកបំបែកខ្លួនប្រឆាំងក្រុងម៉ារីអ៊ូប៉ូល ។
ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃ័ររី វិញ បានស្នើដល់ក្រុងមូស្គូ ឱ្យបញ្ឈប់ជាបន្ទាន់នូវការជួយទ្រទ្រង់របស់ខ្លួនដល់ពួកបំបែកខ្លួននិយម បើមិនដូច្នេះទេនឹងទទួលរងការគាបសង្កត់របស់អន្តរជាតិ និងរបស់សហរដ្ឋអាមេរិក លើរុស្ស៊ី ។
អង្គការអូតង់តាមរយៈអគ្គលេខាធិការរបស់ខ្លួន លោក Jens Stoltenberg ជាថ្មីម្តងទៀត បានចោទប្រកាន់កងទ័ពរុស្ស៊ី នៅអ៊ុយក្រែនខាងកើត ថាជួយទ្រទ្រង់ដល់ប្រតិបត្តិការវាយលុកទាំងនោះ ជាមួយប្រព័ន្ធការពារអាកាសបំពាក់ដោយមីស៊ីលទំនើប បណ្តាយន្តហោះគ្មានមនុស្សបើក ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតទំនើប ព្រមទាំងឧបករណ៍អេឡិចត្រូនិក ។
នៅក្រុងគៀវ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អាសឺនី អីុយ៉ាត សេនកូ ទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់ ។ លោកអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីដែលគំរាមកំហែងអ៊ុយក្រែន អឺរ៉ុប និងសន្តិសុខពិភពលោក ។
ការវាយប្រហារលើទីក្រុងកំពង់ផែយុទ្ធសាស្ត្រម៉ារីអ៊ូប៉ូល កើតមានប៉ុន្មានថ្ងៃក្រោយពីកងទ័ពអ៊ុយក្រែនបាក់ទ័ពបោះបង់ចោលព្រលានយន្តហោះក្រុងដូណេតស្ក៍ ដែលខ្លួនខិតខំការពាររយៈពេលជាច្រើនខែ ដែលនេះកំណត់ពីរបត់ថ្មីមួយ នៃជម្លោះដែលបណ្តាលឱ្យមនុស្សស្លាប់ជាង៥.០០០នាក់ហើយ រយៈពេល៩ខែកន្លងមកនេះ ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น