Home » » អាជ្ញាធរ​អប្សរា​ថ្កោលទោស ​រូប​អាសអាភាសរបស់​ស្ត្រី​ស្អាត ដែល​ថត​នៅមុខ​ប្រាសាទ​

អាជ្ញាធរ​អប្សរា​ថ្កោលទោស ​រូប​អាសអាភាសរបស់​ស្ត្រី​ស្អាត ដែល​ថត​នៅមុខ​ប្រាសាទ​


​ខេត្តសៀមរាប ៖ អា​ជ្ញា​ធរ​​ជាតិ​​អ​ប្សរា កាល​ពី​​ថ្ងៃ​ទី​​២៤ ខែ​មក​រា ឆ្នាំ​​២០​១៥ បាន​ចេញ​​សេ​ច​ក្តី​ប្រ​កាស​​ថ្កោល​ទោស ចំ​ពោះ​​រូប​ថត​​អា​ក្រាត​​ពាក់​ក​ណ្តាល​​ខ្លួន របស់​​ស្រី​ម្នាក់​​ឈរ​​នៅ​មុខ​​ប្រា​សាទ ដោយ​​ពិព​ណ៌​នា​​ថា ការ​ថត​​ប​ង្ហាញ​​កាយ​​អា​ក្រាត​​បែប​​នោះ ជា​អំពើ​ដែល​ប្រាសចាក​ផ្ទុយ​ទាំងស្រុង​ពី​សីលធម៌ និង​វប្បធម៌​ខ្មែរ ព្រមទាំង​នាំអោយមាន ការ​អាប់អោន​យ៉ាងធ្ងន់ធ្ងរ​ដល់​បេ​តិក​ភ័​ណ្ឌ​ជាតិ និង​កិត្តិយស​នារី​ភេទ​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី មានការ​បង្ហោះ​រូបភាព បែប​អាសអាភាស​របស់​ស្រី​ម្នាក់​នោះ ថត​នៅមុខ​ប្រាសាទ តាមរយៈ​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងមកនេះ​។ រូបថត​ស្រី​អាក្រាត ពាក់កណ្តាល​កាយ ឈរ​នៅមុខ​ប្រាសាទ​នោះ ធ្វើអោយមាន​រិះគន់ យ៉ាងខ្លាំង​ពី​សំណាក់​ប្រិយមិត្ត បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​បាន​លើក ជា​សំណួរ​អំពី​តួនាទី និង​កត​ព្វ​កិច្ច របស់​អាជ្ញាធរ​អប្សរា ផងដែរ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដដែល​នោះ ក្រៅ​អំពី​ការបង្ហាញ នូវ​ការ​ថ្កោលទោស យ៉ាងខ្លាំង​ចំពោះ​រូបភាព​នោះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ប្តេជ្ញា​ថា នឹងធ្វើ​ការស្រាវជ្រាវ រក​ការពិត​ព្រមទាំង​ប្តេជ្ញា អនុវត្ត​នីតិវិធី​ច្បាប់ តាម​គ្រប់​រូបភាព ដើម្បី​ធ្វើការ​ផ្តន្ទាទោស ចំពោះ​ការប្រព្រឹត្ត​បែប​អាសអាភាស និង​ខ្វះ​ការពិចារណា​បែបនេះ​។ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ អោយចូល​រួមសហការ ក្នុងការ​ផ្តល់ព័ត៌មាន ជា​តម្រុយ​ដែល​អាច នាំអោយ​រកឃើញ​ការពិត ក្នុងករណី​រូបភាព​នោះ ដើម្បី​លើកកម្ពស់​កិត្យានុភាព នៃ​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង​នៃ​យើង​៕ ដោយ ច័ន្ទ សុភាព​

ប្រភពពី៖ វត្តភ្នំ




Share this article :

0 ความคิดเห็น:

แสดงความคิดเห็น