លោក យឹម វណ្ណៈ មេគយច្រកដូង៧ដើម ប្រើជំនាញរាប់ក្បាលឡានដឹកឈើ និងជួយសម្រួលទំនិញគេចពន្ធ ដើម្បីបានលុយស្រង់ដើម
Posted by Unknown
Posted on 06:11
with No comments
ខេត្តត្បូងឃ្មុំ ៖ ចាប់តាំងពីពេលដែល លោក យឹម វណ្ណៈ អត្តលេខ៦៥២ ត្រូវបានប្រកាសតែងតាំង ជាប្រធានស្តីទី ការិយាល័យគយ និងរដ្ឋាករ ច្រកដូង ៧ដើម នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជំនួសលោក នូ ស៊ីថា បង្កប់ដោយអំពើពុករលួយ គេសង្កេតឃើញឈ្មួញរកស៊ី តូចតាច រអ៊ូរទាំយ៉ាងខ្លាំង ពីការកោសរូស បង្ខំឲ្យបង់លុយ ដោយគ្មានការយោគយល់ ប៉ុន្តែសម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូល ទំនិញគេចពន្ធ និងអ្នករកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម តាមច្រកដូង៧ដើម ទទួលបានការយោគយល់ ពីលោក យឹម វណ្ណៈ ព្រោះការដឹកជញ្ជូន បទល្មើសទាំងនោះ គឺជាប្រភពចំណូលមិនចេះរីងស្ងួត ដែលលោក យឹម វណ្ណៈ ប្រមូលយកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋ បានរាយការណ៍ថា សព្វថ្ងៃនៅច្រកដូង ៧ដើម នៅតែបន្តអនុវត្តន៍រូបមន្ត ពូករលួយបន្តពីលោក នូ ស៊ីថា ព្រោះមានទំនិញគេចពន្ធ ជាច្រើនប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ គឺជំនាញគយ របស់លោក យឹម វណ្ណៈ បានឃុបឃិតជាមួយឈ្មួញ បង់ពន្ធរបៀបជាទំនិញក្លែងភេទ និងបង់ពន្ធមិនគ្រប់ជាដើម។ ពេលខ្លះឈ្មួញ ដឹកសុទ្ធតែថ្នាំពេទ្យ គ្រឿងសំណង់ និងទំនិញមានតម្លៃ តែគេបង់ពន្ធ ជារបៀបទំនិញចាប់ហួយ ឬតុ កៅអី ជ័រ ទៅវិញ ហើយការបង់ពន្ធ ក្លែងភេទទំនិញនេះ ក៏គេមិនបង់ទាំងស្រុង មិនគ្រប់ចំនួននោះដែរ យ៉ាងច្រើនគេបង់ ត្រឹមតែ ៤០ទៅ៥០ ភាគរយប៉ុណ្ណោះ ធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសម្បើម ក្នុងមួយខែៗ។
ក្រុមអ្នកសង្កេតការណ៍ កំណែទម្រង់គយ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកដូង ៧ដើមនេះ ដឹកតាមរថយន្តយីឌុប ផ្ទុកលើសទម្ងន់ សុទ្ធតែថ្នាំពេទ្យ និងគ្រឿងអេឡិចត្រូនិច បែរជាមន្ត្រីគយ ជួយសម្រួលក្លែងឯកសារ ឱ្យបង់ពន្ធជារបៀប ទំនិញចាប់ហួយ ប្រើប្រាស់ប្រចាំថ្ងៃទៅវិញ ដែលល្បិចបែបនេះ គេធ្វើឱ្យស៊ីសង្វាក់គ្នាថា សព្វថ្ងៃទំនិញ ដែលហូរចូល និងរដ្ឋយកពន្ធ ក្នុងការនាំចូល មានតែរបស់របរ ទំនិញប្រើប្រាស់ ប្រចាំថ្ងៃតែប៉ុណ្ណោះ ហើយមេឈ្មួញសុខចិត្ត បង្វែរការគេចមិនបង់ពន្ធ យកទៅបែងចែក ជារបបប្រចាំខែ ជូនលោក យឹម វណ្ណៈ ឱ្យមានទឹកមាត់លេបវិញ។
ដោយឡែក ប្រជាពលរដ្ឋ ដែលដឹកផលកសិកម្ម ទៅលក់នៅប្រទេសវៀតណាម បានឱ្យដឹងថា ពួកគាត់ដឹកដំឡូងមី ពោត គ្រាប់ស្វាយចន្ទី បានប្រាក់ចំណេញ តិចតួចប៉ុណ្ណោះ ត្រូវកូនចៅរបស់លោក យឹម វណ្ណៈ គាបយកលុយ ហើយប្រឈមនឹងការស្តីបន្ទោស មើលងាយមើលថោក ដោយសម្តីអសុរោះ ប៉ុន្តែសម្រាប់ក្រុមឈ្មួញ រកស៊ីដឹកឈើខុសច្បាប់ ឆ្លងទៅវៀតណាម ដូចជាឈ្មោះ សាន ចយ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ជាដើម គេមិនដែលឃើញ កូនចៅរបស់លោក យឹម វណ្ណៈ បញ្ចេញឫកពាឬប្រើសម្តីធំៗ ទៅលើក្រុមឈ្មួញទាំងនោះ ម្តងណាឡើយ មានតែស្រក់ទឹកមាត់ ហើយឃុបឃិតគ្នា ជាមួយអ្នករកស៊ីល្មើសច្បាប់ ដើម្បីបានលុយច្រកហោប៉ៅ ដោយមិនខ្វល់ពី ការកែទម្រង់របស់លោក គុណ ញឹម ដែលជាមេគយនោះទេ។
មានការកត់សម្គាល់ផងដែរថា ទំនិញភាគច្រើន ដែលនាំចូលពីវៀតណាម មួយចំនួនជាផលិតផលមកពីស្រុកចិន ឬទំនិញខុសច្បាប់ ដូចជាថ្នាំពេទ្យ គ្មានការចុះបញ្ជិការត្រឹមត្រូវ គ្រឿងអេឡិចត្រូនិច ទំនិញចាប់ហួយ តុ កៅអីជ័រ ឈ្មួញបង់ពន្ធពិតប្រាកដ យ៉ាងច្រើន ៤០ភាគរយ ប៉ុណ្ណោះ ដោយមានជំនាញគយ ជាអ្នកជួយសម្របសម្រួល។ ទំនិញគេចពន្ធទាំងនេះ មិនអាចគេចផុត ពីក្រសែភ្នែកសមត្ថកិច្ចគយ បានទេ តែលោក យឹម វណ្ណៈ បានចាត់ទុកជាឆ្នាំងបាយ ជាប្រយោជន៍ សម្រាប់បំពេញសេចក្តីត្រូវការ របស់ថ្នាក់លើ និងសម្រាប់ការពារតួនាទី របស់ខ្លួនតែប៉ុណ្ណោះ៕
ប្រភពពី៖ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น