រដ្ឋមន្ត្រីពាណិជ្ជកម្ម បន្តស្នើដល់ក្រុមហ៊ុនប្រេងឥន្ធនៈ បញ្ចុះតម្លៃប្រេងសាំង
Posted by Unknown
Posted on 06:16
with No comments
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាស៊េរីលើកទី៤ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន SOKIMEX, TELA, PTT (កម្ពុជា), CALTEX, Bright Victory Mekong Petroleum, TOTAL, SAVIMEX, និងក្រុមហ៊ុន LHR។
នេះគឺជាកិច្ចប្រជុំលើកទី៤ហើយដើម្បីបន្តការពិនិត្យ និងពិភាក្សាបន្ថែមអំពី ថ្លៃប្រេងឥន្ធនៈបច្ចុប្បន្ន នៅកម្ពុជា ដែលទាក់ទងនឹងទីផ្សារពិភពលោក។ លោកទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើររបស់ខ្លួន ដល់ក្រុមហ៊ុនទាំងឡាយ ដែលបានសហការល្អ និងចូលរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលយកសំណើសុំបញ្ចុះថ្លៃប្រេងឥន្ធនៈ យកទៅពិចារណា ដើម្បីជួយផ្តល់ជាអត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុនទាំងឡាយ គួរពិចារណាលើការបញ្ចុះថ្លៃប្រេងឥន្ធនៈ ដើម្បីធានាថាតម្លៃប្រេងនៅពិភពលោក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈតម្លៃប្រេង ដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងសំណើរបស់ លោកទេសរដ្ឋមន្រ្តី តំណាងក្រុមហ៊ុន SOKIMEX និង TELA បានសម្រេចបញ្ចុះថ្លៃ ប្រេងសាំងធម្មតាពី ៣.៩០០រៀល មកនៅ ៣.៨០០រៀល ក្នុងមួយលីត្រ គិតចាប់ពីថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៥។
តំណាងរបស់ក្រុមហ៊ុនចែកចាយប្រេង បរទេសផ្សេងទៀត ដូចជា ក្រុមហ៊ុនCALTEX, TOTAL និង PTT នឹងបញ្ជាក់ពីការបញ្ចុះតម្លៃ បន្ទាប់ពីទទួលបានការឯកភាពពី ថ្នាក់ដឹកនាំប្រចាំតំបន់របស់ខ្លួន។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុន ដែលជាម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈ ទាំងអស់ គួរធានាដល់គុណភាព និងបរិមាណឲ្យបានត្រឹមត្រូវ ក្នុងការចែកចាយប្រេងឥន្ធនៈ ក្រោយពីការបញ្ចុះថ្លៃរបស់ខ្លួន។
បណ្តាក្រសួង និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងអស់ នឹងបន្តជួបប្រជុំជារៀងរាល់១០ថ្ងៃម្តង ដើម្បីបន្តពិនិត្យមើលថ្លៃប្រេងឥន្ធនៈ ដោយធានាថាតម្លៃប្រេងនៅពិភពលោក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ តម្លៃប្រេងដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น