Home » » ក្រុមហ៊ុននុភាពសុភី បើកការដ្ឋាន ជួសជុលផ្លូវ ចម្ងាយ ៤៨គីឡូម៉ែត្រ

ក្រុមហ៊ុននុភាពសុភី បើកការដ្ឋាន ជួសជុលផ្លូវ ចម្ងាយ ៤៨គីឡូម៉ែត្រ


រតនគិរីៈ ដើម្បីសម្រួលការ ធ្វើដំណើរ និងការដឹកជញ្ជូន កសិផល របស់ប្រជាពលរដ្ឋ ចំណេញពេលវេលា ព្រមទាំងសម្រួល ការសិក្សា របស់សិស្ស នៅតំបន់ដាច់ស្រយាល ក្រុមហ៊ុននុភាពសុភី បើកការដ្ឋាន ជួសជុលផ្លូវ ចម្ងាយ ៤៨គីឡូម៉ែត្រ ។

ការដ្ឋានជួសជុលផ្លូវនេះ បានបើកឡើង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយមាន ការចូលរួមពីលោក នង ដារិទ្ធ អភិបាល នៃគណៈអភិបាល ស្រុកអណ្តូងមាស តំណាងក្រុមហ៊ុននុភាពសុភី លោក សេក វីរៈ និងមន្ត្រីរាជការកម្លាំងប្រដាប់អាវុធ ។

លោក នង ដារិទ្ធ អភិបាលស្រុកអណ្តូងមាស មានប្រសាសន៍ថា ផ្លូវបើកការដ្ឋាន ជួសជុលនេះ មានប្រវែង ៤៨គីឡូម៉ែត្រ ចាប់ពីចំណុចគល់ស្ពានតេជោសេសាន ស្ថិតក្នុងភូមិកាជូតក្រោម រហូតដល់ ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស។ លោកថា ការជួសជុលផ្លូវនេះ គឺជួយសម្រួល ដល់ការទំនាក់ ទំនងរវាងប្រជាពលរដ្ឋនៅត្រើយម្ខាងទន្លេ និងជាការសម្រួលដល់ការធ្វើដំណើរ ការសិក្សារបស់សិស្ស ជាងនេះទៅទៀត វាបង្កលក្ខណៈងាយស្រួលដល់ ការដឹកជញ្ជូន កសិផលរបស់ប្រជាជន។

លោកបានបញ្ជាក់ថា ផ្លូវដែលកំពុងធ្វើការជួសជុលនេះ គឺបានចាប់ផ្តើមដំបូង ក្នុងចម្ងាយផ្លូវ ១៤គីឡូម៉ែត្រ ដែលជាគម្រោង ស្ថាបនារបស់ក្រសួង អភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ និងមូលនិធិរបស់ ឃុំមួយចំនួន ។

លោកបានធ្វើការ សំណូមពរ ដល់ក្រសួង សាធារណការ សូមឲ្យក្រសួង មានកញ្ចប់ថវិកា គម្រោងថែទាំ និងជួសជុលផ្លូវខាងលើនេះ ព្រោះផ្លូវ១ខ្សែនេះ មានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ ទៅកាន់តំបន់កន្ទុយនាគ ដែលគេដឹងថា មានព្រំប្រទល់ជាប់ ជាមួយប្រទេសវៀតណាម និងឡាវ។ ជាមួយគ្នានិងការជួសជុសផ្លូវខាងលើដែរ តំណាងប្រជាពលរដ្ឋ បានសម្តែងនូវការត្រេកអរ ជាពន់ពេក ចំពោះការយកចិត្ត ទុកដាក់របស់ថ្នាក់ដឹកនាំ ស្រុកក៏ដូចជាទឹកចិត្តជ្រះថ្លារបស់ក្រុមហ៊ុននុភាពសុភី ក្នុង ការចំណាយថវិការបស់ក្រុមហ៊ុនផ្ទាល់ រួមចំណែកក្នុងការជួសជុល ផ្លូវសម្រួលដល់ធ្វើការ ដំណើររបស់ ប្រជាពលរដ្ឋនិង ជាការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ ៕

ប្រភពពី៖ (DAP)-ID:011



Share this article :

0 ความคิดเห็น:

แสดงความคิดเห็น