Home » » មេឃុំ​កំពង់​ឃ្លាំង ហ៊ាន​យក​បង្គោល​ទៅ​បោះ បែងចែក​ដី​ជម្លោះ បំពាន​នីតិវិធីតុលាការ​

មេឃុំ​កំពង់​ឃ្លាំង ហ៊ាន​យក​បង្គោល​ទៅ​បោះ បែងចែក​ដី​ជម្លោះ បំពាន​នីតិវិធីតុលាការ​


​ខេត្តសៀមរាប ៖ លោក ប៉ា ប៉ូរ ជា​​មេ​ឃុំ​​កំ​ពង់​​ឃ្លាំង ស្រុក​​សូទ្រ​និ​គម ខេត្ត​សៀម​រាប កំ​ពុង​​រង​​នូវ​​ការ​រិះ​គន់​​យ៉ាង​ខ្លាំង ពី​​សំ​ណាក់​​ប្រ​ជា​ពល​រដ្ឋ ដែល​​កំ​ពុង​មាន​ទំ​នាស់​​ប្តឹង​​គ្នា ដ​ណ្តើម​​កាន់​កាប់​​ដី​ចំ​ការ​​ស​ណ្តែក ទំ​ហំ​​ប្រ​មាណ ០៧​​ហិក​តានៅ​តំបន់​ពពាច ក្នុង​ឃុំ​កំពង់​ឃ្លាំង ដោយសារតែ​លោក​បាន​បញ្ជារ អោយគេ​យក​បង្គោល ទៅ​បោះ​បែងចែក​ដី​ទំនាស់ ទាំង​ដីការ​សម្រេច​របស់​តុលាការ មិនទាន់​ចូល​ជា​ស្ថាពរ​ផង​នោះ​។​

​ដីចំការ​សណ្តែក ទំហំ​ប្រមាណ ០៧​ហិកតា ដែល​កំពុងមាន​ជម្លោះ ដណ្តើម​គ្នា​នោះ មាន​សហ​ម្ចាស់បំណុល​ឈ្មោះ លី វិបុល ភេទ​ប្រុស អាយុ ២៦​ឆ្នាំ និង​ឈ្មោះ ខូ​យ សំណាង ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ទាំង ២​នាក់ រស់នៅ​ភូមិ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង រីឯ​សហ​កូនបំណុល ទី​-០១​ឈ្មោះ ម៉ឹង វង្ស ភេទ​ប្រុស នៅ​ភូមិ​ជំនៀង ទី​-០២​ឈ្មោះ ព្រាប ជា ភេទ​ប្រុស នៅ​ភូមិ​រទាំង ឃុំ​កំពង់​ឃ្លាំង ហើយ​បាន​ប្តឹង​គ្នា ដណ្តើម​ធ្វើជា​ម្ចាស់ តែ​រៀងៗ​ខ្លួន កាលពី​ចុងឆ្នាំ​២០១៤​។​

​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក កូយ សៅ ចៅក្រម​នៃ​សាលាដំបូង ខេត្តសៀមរាប បានចេញ​ដីកា សម្រេច​ចាត់ចែង ជា​បណ្តោះអាសន្ន អោយទៅ​សហ​ម្ចាស់បំណុល ខូ​យ សំណាង និង លី វិបុល ធ្វើការ​គ្រប់គ្រង និង​ធ្វើ​ចំការ ជា​បណ្តោះអាសន្ន ដោយ​ហាមឃាត់ សហ​កូនបំណុល ព្រាប ជា និង ម៉ឹង វង្ស មិន​អោយ​​ធ្វើ​សកម្មភាព​នានា នៅ​លើដី​ទំនាស់​នោះទេ រហូត​ដល់ពេល​សម្រេច ដល់​អង្គសេចក្តី​ចប់​ជា​ស្ថាពរ​។​

​សហ​កូនបំណុល បន្ទាប់មក​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៤ ក៏បាន​ដាក់​ពាក្យសុំ​តវ៉ា ចំពោះ​ដីកា​សម្រេច​ចាត់ចែង ជា​បណ្តោះអាសន្ន​នេះ​។ រហូតមកដល់​ថ្ងៃទី​០៩ ខែ​មក​រា ឆ្នាំ​២០១៥ លោក​ចៅក្រម កូយ សៅ នៃ​សាលាដំបូង ខេត្តសៀមរាប បានចេញ​ដីកា​សម្រេច អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច ចាត់ចែង​ជា​បណ្តោះអាសន្ន ដោយបាន​សម្រេច​លុបចោល ដីកា​ចាត់ចែង​ជា​បណ្តោះអាសន្ន ចេញ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ​វិញ និង​បានប្រគល់​ដី ប្រមាណ ០៧​ហិកតា​នោះ អោយទៅ​សហ​កូនបំណុល គ្រប់គ្រង​កាន់កាប់​វិញ ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ដល់​បណ្តឹង​អង្គសេចក្តី ចប់សព្វគ្រប់​ជា​ស្ថាពរ​។​

​ជាថ្មី​ម្តងទៀត សហ​ម្ចាស់បំណុល ខូ​យ សំណាង និង លី វិបុល នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ ក៏បាន​បន្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​ទៅនឹង ដីកា​សម្រេច​អំពី ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច ចាត់ចែង​ជា​បណ្តោះអាសន្ន នោះ​វិញ ដែល​ធ្វើអោយ​ដីកា​នេះ មិនទាន់​ចូល​ជា​ស្ថាពរ នៅឡើយ​ទេ​។​

​ប៉ុន្តែ​អ្វីដែល​ជាការ គួរអោយ​ងឿងឆ្ងល់​នោះ​គឺថា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ លោក ប៉ា ប៉ូរ មេឃុំ កំពង់​ឃ្លាំង បាន​ដឹកនាំ​កំលាំង មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ និង​ប៉ូលិស​ម្នាក់ ទៅ​បោះបង្គោល​បែងចែក ដី​ទំនាស់​នោះ ទាំង​ដីកា​សម្រេច របស់​ចៅក្រម​សាលាដំបូង ខេត្តសៀមរាប មិនទាន់​ទាំង​ចូល​ជា​ស្ថាពរ​នៅឡើយ នេះ​បើតាម​ការ​អោយដឹង ពី​សហ​ម្ចាស់បំណុល និង​មេធាវី​។​

​ហើយ​នៅក្នុង​ដីកា​សម្រេច អំពី​ពាក្យសុំ​តវ៉ា ចំពោះ​ដីកា​សម្រេច ចាត់ចែង​ជា​បណ្តោះអាសន្ន នោះ​ក៏មាន​បញ្ជាក់ដែរថា នឹង​ពុំមាន​អានុភាព​ឡើយ បើ​មិនទាន់​ចូល​ជា​ស្ថាពរ ស្របតាម​បញ្ញត្តិ​មាត្រា​៥៥៦ នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​។ លោក សួង សុភា មេធាវី​របស់ សហ​ម្ចាស់បំណុល បាន​ប្រាប់ថា ទង្វើ​របស់លោក មេឃុំ​កំពង់​ឃ្លាំង គឺ​បាន​បំពាន​ទៅលើ សេចក្តីសម្រេច​របស់​តុលាការ​។ យ៉ាងណាក៏ដោយ លោក ប៉ា ប៉ូរ មេឃុំ​កំពង់​ឃ្លាំង មិនអាច​ទាក់ទង សុំ​ការពន្យល់​អំពី​បញ្ហា ខាងលើ​នោះបានទេ​៕

​ប្រភពពី៖ វត្តភ្នំ




Share this article :

0 ความคิดเห็น:

แสดงความคิดเห็น