រឿងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ តែងតាំងសាច់ញាតិ និងធ្វើការងារតាមអារម្មណ៍ ក្រុមអភិបាលកិច្ចចុះស៊ើបអង្កេត
Posted by Unknown
Posted on 21:00
with No comments
ខេត្តព្រះសីហនុ ៖ ក្រុមអភិបាលកិច្ច ក្រសួងមហាផ្ទៃ បានចុះដល់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដើម្បីស៊ើបអង្កេតករណី ដែលមន្ត្រីរាជការ ប្តឹងលោក ឈិត សុខុន អភិបាលខេត្ត ទៅក្រសួងមហាផ្ទៃ ទាក់ទងនឹងការតែងតាំង កូនបង្កើតរួមទាំង មិត្តភក្តិរបស់កូននៅក្នុងមុខតំណែងសំខាន់ៗ ក្នុងខេត្តព្រះសីហនុ ដែលពួកគេចាត់ទុកថា ជាអំពើមិនប្រក្រតីក្នុងការងារ ឬពាក់ព័ន្ធអំពើពុករលួយ។
រឿងហេតុនេះ បានកើតឡើងដោយសារ ក្រុមមន្ត្រីសាលាខេត្តព្រះសីហនុ បានរួមគ្នាផ្តិតមេដៃនៅលើពាក្យបណ្តឹង ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ កន្លងទៅ ដោយប្តឹងលោក អភិបាលខេត្តឈិត សុខុន ទៅលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំឲ្យមានការចុះស៊ើបអង្កេត ត្រួតពិនិត្យ លើការចាត់ចែង គ្រប់គ្រងការងារ មិនប្រក្រតី របស់លោក ឈិត សុខុន ដូចជាការស្នើតែងតាំង កូនបង្កើតរបស់ខ្លួនឈ្មោះ ឈិត រតនៈ ឲ្យធ្វើជានាយក រដ្ឋបាលសាលាខេត្តព្រះសីហនុ ផ្ទុយនឹងគោលការណ៍ណែនាំ របស់ក្រសួង មុខងារសាធារណៈ។
ជាពិសេសការស្នើតែងតាំង មិត្តភក្តិកូនរបស់ខ្លួន «លោក ឈិត រតនៈ» ឈ្មោះ សរ កក្កដា ជាអភិបាលរងស្រុកព្រៃនប់ ផ្ទុយនឹងមាត្រា១៤៥ នៃច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយគ្មានការឆ្លងកាត់ កិច្ចពិភាក្សាព្រមព្រៀង ជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុកព្រៃនប់ ព្រមទាំងមានរូបភាព មិនប្រក្រតីជាច្រើនទៀត។
មន្ត្រីសាលាខេត្តព្រះសីហនុ បានបញ្ជាក់នៅក្នុងលិខិតពាក្យបណ្តឹង របស់ខ្លួនដែរថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ លោកអភិបាលខេត្ត ឈិត សុខុន បានសម្រេចអត្តនោម័ត ស្នើសុំតែងតាំងលោក ជា ពិសិដ្ឋនរៈ ជាមិត្តភក្តិរបស់លោក ឈិត រតនៈ ជាកូនបង្កើតរបស់ខ្លួន ឲ្យធ្វើជានាយករង រដ្ឋបាលសាលាខេត្តព្រះសីហនុ ផ្ទុយពីគោលការណ៍ណែនាំរបស់ ក្រសួងមុខងារសាធារណៈ។ លើសពីនេះ ក្រុមន្ត្រីសាលាខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ចំពោះការងារប្រចាំថ្ងៃ គឺលោកអភិបាលខេត្ត ឈិត សុខុន គ្មានផែនការច្បាស់លាស់ឡើយ គឺធ្វើការតាមអារម្មណ៍ នឹកឃើញផ្ទាល់ខ្លួន ដូចជាករណី ចុះហត្ថលេខា ដោយអត្តនោម័ត អនុញ្ញាតឲ្យក្រុមហ៊ុន QIHAN INTERNATIONAL INDUSTRIAL Co.,Ltd. បើករោងចក្រ នៅតំបន់ហាមឃាត់ជាដើម…។ល។
លិខិតពាក្យបណ្តឹង របស់ក្រុមមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ ទាំងនោះបានធ្វើសំណូមពរ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាបង្កើតក្រុមការងារ ចុះអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ តែបើមិនមានការស៊ើបអង្កេត និងចាត់វិធានការទេនោះក្រុមន្ត្រីនឹងចាប់ផ្តើម ធ្វើកូដកម្ម មិនចូលធ្វើការងារតែម្តង។យ៉ាងណាក៏ដោយ ចំពោះលទ្ធផល នៃការស៊ើបអង្កេត ស្រាវជ្រាវករណីនេះ មិនទាន់ដឹងនៅឡើយនោះទេ ព្រោះក្រុមការងារអភិបាលកិច្ច ក្រសួងមហាផ្ទៃ កំពុងដំណើរការយ៉ាងសកម្ម៕
ប្រភពពី៖ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น