ឯម ខ្លឹមខ្មៅ នាំមុខរឿង សោភ័ណ្ឌ ពេលជួបថៃនៅខេត្តកំពង់ស្ពឺ
Posted by Unknown
Posted on 08:02
with No comments
ខេត្តកំពង់ស្ពឺ ៖ នៅទីបំផុត កីឡាករឯម ខ្លឹមខ្មៅ បានទទួលជោគជ័យដូចការគ្រោងទុក ក្នុងការប្រកួតអន្តរជាតិក្រៅស្ថានីយទូរទស្សន៍បាយ័ន ដែលលោកបានធ្វើជាលើកទី២ កាលពីយប់ថ្ងៃទី២៤ មករា នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ជ័យជម្នះរបស់លោក គឺជាមុខមាត់ដ៏ធំ ខណៈដែល រឿង សោភ័ណ្ឌ ដែលពោរពេញដោយអំនួតក្រោយដណ្ដើមបានខ្សែក្រវាត់ជើងឯកស្រាបៀរកម្ពុជាពីលោកបានត្រឹមស្មើពិន្ទុជាមួយថៃ ទាំងវេទនា ។
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករឯម ខ្លឹមខ្មៅ មកពីក្លិបឫទ្ធិពោធិសែនជ័យ គឺជាកីឡាករផ្ដាច់មុខប្រចាំនៅទូរទស្សន៍បាយ័ន ដែលមិនមានសិទ្ធិចេញប្រកួតក្រៅប៉ុស្ដិ៍នោះទេ នាពេលកន្លងមក ។ លោកទើបតែត្រូវបានអនុញ្ញាតឲ្យឡើងប្រកួតក្នុងព្រឹត្តិការណ៍របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បាន២លើកប៉ុណ្ណោះ ដោយសារតែស្ថាប័នមួយនេះ យល់ព្រមផ្ដល់ឱកាសឲ្យលោកឡើងប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមជាមួយនឹងការផ្ដល់តម្លៃខ្លួនឲ្យខ្ពស់ ដែលមានន័យថា បានជួយលើកស្ទួយដល់លោក ដែលជាតួឯកផ្ដាច់មុខរបស់សង្វៀនទូរទស្សន៍បាយ័ន តាមលក្ខខណ្ឌដែលបានដាក់ចេញពីស្ថាប័ននេះ ។ យ៉ាងណាក៏ដោយ ការចេញប្រកួតលើកទី១ ជាមួយកីឡាករថៃរបស់លោកបានក្លាយជារឿងអាម៉ាស់ ដោយបានទាំងធ្វើឲ្យស្ថានីយទូរទស្សន៍ដទៃដែលមានបំណងយកលោកឡើងប្រកួតដូចគ្នារារែកក្នុងការស្នើប្រកួតនោះផងដែរ ដោយខ្លះចោទថា ឯម ខ្លឹមខ្មៅ ខ្លាំង និងល្បីនៅលើសង្វៀនបាយ័ន ព្រោះតែគ្រូបង្វឹកដែលជាអ្នករៀបចំការប្រកួតនៅទីនោះ លើកស្ទួយឲ្យប្រកួតតែជាមួយកីឡាករដែលមានសមត្ថភាពអន់ជាងដើម្បីធ្វើឲ្យ ឯម ខ្លឹមខ្មៅកាន់តែលេចធ្លោ ។ អញ្ចឹងហើយ ទើបការប្រកួតកាលពីយប់ថ្ងៃសៅរ៍ ជាមួយកីឡាករថៃនៅលើទឹកដីខេត្តកំពង់ស្ពឺ ដែលមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺបានជួយលុបលាងឲ្យជ្រះស្រឡះនូវការលើកឡើងមិនល្អទាំងនេះ ។ ក្នុងចំណោមកីឡាករកម្ពុជាទាំង៣ ដែលមានមុខឡើងប្រកួតក្នុងព្រឹត្តិការណ៍ «ប្រដាល់ទេសចរណ៍គ្រួសារកម្ពុជា ឬហៅថា Cambodia Beer Boxing Tour» នោះ មានតែ ឯម ខ្លឹមខ្មៅ ម្នាក់ប៉ុណ្ណោះដែលមានជ័យជម្នះឡូយជាងគេ ដោយបានផ្ដួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី២ ធ្វើឲ្យអ្នកទស្សនាពេញចិត្ត ខណៈដែលកីឡាករកម្ពុជាម្នាក់ទៀតបានក្លាយជាអ្នកចាញ់ និង រឿង សោភ័ណ្ឌ បានត្រឹមតែស្មើ ។ ប៉ុន្តែលទ្ធផលល្អរបស់លោក ក៏បានដោយសារតែអ្នករៀបចំការប្រកួតបានផ្លាស់ប្ដូរខុសពីការផ្សព្វផ្សាយខាងដើមនោះផងដែរ ។
តាមការប្រកាសកីឡាករឯម ខ្លឹមខ្មៅ ត្រូវឡើងប្រកួតជាមួយកីឡាករថៃ Sen Sep ដែលធ្លាប់ឆ្លងកាត់ការប្រកួតបាន៧៨ដង ឈ្នះ៦៤ដង និងចាញ់១៤ដងនៅក្នុងប្រទេសថៃ ។ ប៉ុន្តែដោយហេតុផលថា គីឡូ និងកម្ពស់ជាក់ស្ដែងរបស់កីឡាកររូបនេះ ស៊ីនឹងរឿង សោភ័ណ្ឌ ច្រើនជាង ទើបមានការផ្លាស់ប្ដូរភ្លាមៗ ដោយកំណត់ឲ្យកីឡាករកម្ពុជា២គូចុងក្រោយដូរដៃគូគ្នាឡើងរេញ ។ ឯម ខ្លឹមខ្មៅ បានឡើងប្រកួតជាមួយនឹង Or Rano ដែលឆ្លងកាត់ការប្រកួតបានតែ៦៨ដង ឈ្នះ៥៨ដង និងចាញ់១០ដង តិចជាងខ្លួនដែលបានប្រឡួកដល់៧៩ដង ឈ្នះ៦៦ដង ចាញ់១០ដង និងស្មើ៣ដងនៅលើសង្វៀន ។ បទពិសោធន៍នេះមិនចោទជាបញ្ហានោះទេ ដោយសារតែតួលេខ៧០ជាង និង៦០ជាង គឺសុទ្ធតែមានន័យថា មិនចាស់មិនខ្ចីប្រហែលគ្នា ។ អញ្ចឹងហើយទើបក្នុងទឹកទី១ កីឡាករទាំងពីរធ្វើការប្រកួតគ្នាបានល្អ បើទោះជាកីឡាករថៃ ហាក់មើលទៅចាញ់មាឌជាងកីឡាករកម្ពុជាបន្តិច។ ឈានដល់ទឹកទី២ កីឡាករខ្លឹមខ្មៅ កាន់តែសម្រុកបានល្អ ដោយវាយផង ប្រើជង្គង់ផង និងម៉ាត់ផង ត្រូវចំសុទ្ធតែគោលដៅរបស់គូបដិបក្ខតែម្ដង ហើយទំនងជាកីឡាករថៃ រាងចាញ់ច្រាបព្រោះតែនោះជាការប្រកួតក្រៅទឹកដី ទើបគេឃើញកាន់តែទប់នឹងកណ្ដាប់ដៃរបស់កីឡាករកម្ពុជាលែងបាន។ ត្រឹមនៅក្នុងទឹកនេះប៉ុណ្ណោះ គេឃើញកីឡាករ Or Rano ត្រូវរាប់ដល់ទៅ២ដង ខណៈដែលការប្រកួតនៅនាទីចុងក្រោយ ក៏ត្រូវ ឯម ខ្លឹមខ្មៅ វាយឲ្យបោះបង់ការប្រកួតតែម្ដង ដោយហើបមាត់លែងរួច ។ លទ្ធផលនេះបានធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ដោយបានទាំងចាត់ទុកថា កីឡាករកម្ពុជារូបនេះជាវីរបុរសក្នុងការបំបាក់កីឡាករឆ្លងដែនមកពីថៃឲ្យបាក់មុខនៅលើរេញនោះផង ។
ដោយឡែកសម្រាប់កីឡាកររឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍វិញ អ្នកណាក៏គិតដែរ ថានឹងក្លាយជាអ្នកដែលមានលទ្ធផលមិនអន់ជាង ឯម ខ្លឹមខ្មៅ បន្ទាប់ពីអ្នកទាំងពីរក៏មើលមុខគ្នាមិនចំដែរ ដោយសារការប៉ះគ្នាក្នុងវគ្គដណ្ដើមខ្សែក្រវាត់កាលពីលើកចុងក្រោយ គឺរឿង សោភ័ណ្ឌ បានប្រើល្បិចស៊ីឡាកដែលមហាជនចាត់ទុកថាជាការប្លន់យកខ្សែក្រវាត់ពីខ្លឹមខ្មៅ ព្រោះតែពេលនោះវាយមិនឈ្នះ។ ប៉ុន្តែផ្ទុយពីការគ្រោងទុក កីឡាករកម្ពុជារូបនេះ បែរជាទៅមិនរួចជាមួយកីឡាករ Sen Sep ទៅវិញ បើទោះជារូបរាងជាក់ស្ដែងរបស់ Sen Sep ហាក់សំបូរខ្លាញ់ មិនសមជាកីឡាករជើងខ្លាំង ។ រឿង សោភ័ណ្ឌ ជាកីឡាករមួយរូបដែលជាប់លេខខាងវាយឌឺ បន្ទាប់ពីបានល្បីឈ្មោះ ប៉ុន្តែដល់ពេលប៉ះ Sen Sep គឺគេឃើញកីឡាកររូបនេះ ពូកែឌឺខ្លាំងជាងទៅទៀត ទើបបង្កើតបរិយាកាសឲ្យការប្រកួតទាំងមូល កាន់តែកក្រើក ។ យ៉ាងណាក៏ដោយ កីឡាកររឿង សោភ័ណ្ឌ ហាក់មានអំនួតក្នុងការប្រកួតច្រើនជាងតាំងពីដើមទីមក ទើបគេឃើញលទ្ធផលស្មើគ្នាដែលបានប្រកាសឡើងនៅវគ្គចុងក្រោយបានធ្វើឲ្យកីឡាកររូបនេះធ្វើមុខមិនសប្បាយចិត្ត ។ ចំពោះការប្រកួតអន្តរជាតិមួយប្រកួតទៀត កីឡាករកម្ពុជា ផុន ផាន់ណា មកពីក្លិបអប្សរាគុនខ្មែរ រឹតតែយ៉ាប់ជាងរឿង សោភ័ណ្ឌ នោះទៅទៀត ដោយសារតែត្រូវកីឡាករថៃ Nopakao វាយឲ្យចាញ់ដោយពិន្ទុយ៉ាងអាម៉ាស់ ។ ទោះបីយ៉ាងណា លទ្ធផលបរាជ័យរបស់ផុន ផាន់ណា ទំនងជាមិនសូវមានអ្នកឌឺប៉ុន្មាននោះទេ ដោយសារតែលោកមិនទាន់ឈានដល់ចំណុចកំពូលក្នុងនាមជាកីឡាករប្រដាល់ និងមិនទាន់ខ្ទរខ្ទារកេរ្តិ៍ឈ្មោះខ្លាំង ប៉ុន្តែសម្រាប់ រឿង សោភ័ណ្ឌ ដែលបានត្រឹមតែស្មើប្រហែលជាមានអ្នកចំអកឲ្យច្រើន ដោយសារតែលោកគឺជាកីឡាករដែលមានទាំងអំនួត និងមោទនភាពប្រចាំក្លិប បន្ទាប់ពីដណ្ដើមបានខ្សែក្រវាត់ពី ឯម ខ្លឹមខ្មៅ ប៉ុន្តែលទ្ធផលហាក់មិនបានដូចការចង់បានរបស់មហាជន ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น