Home » » មន្រ្តី៧០ភាគរយ​ បានមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល

មន្រ្តី៧០ភាគរយ​ បានមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល


ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្រ្តី៧០ភាគរយ បានមកប្រកាសសម្បត្តិ និងបំណុល។

ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ លោក ទូច ស៊ុនណារី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយនេះ មន្ត្រីគ្រប់ក្រសួង និងស្ថាប័នទាំងអស់ ខ្លះបានមកប្រកាសតាមក្រុមជនបង្គោល និងខ្លះទៀតមកប្រកាសដោយខ្លួនឯងផ្ទាល់។ លោកថា “ការប្រកាសលើកទី១. ក្នុងឆ្នាំ២០១១ យើងបានលទ្ធផលបាន ១០០ភាគរយ លើកទី២ ក្នុងឆ្នាំ២០១៣ បាន១០០ភាគរយ ប៉ុន្តែក្នុងលើកទី៣នេះ ទើបតែបាន៧០ភាគរយ ប៉ុណ្ណោះ ដោយសារយើងនៅសល់រយៈពេលមួយសប្តាហ៍ទៀត”។

លោក ទូច ស៊ុនណារី បានបញ្ជាក់ថា មន្ត្រីរាជការ ដែលមិនទាន់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅសល់ ៣០ភាគរយ ដែលស្មើនឹងមនុស្សប្រហែលចំនួនជាង ៤ពាន់នាក់ ក្នុងចំណោមមន្ត្រីទាំងអស់ចំនួន ២១.៤០៦នាក់ ហើយក៏សូមអំពាវនាវទៅដល់មន្ត្រី ដែលនៅសល់ទាំងប៉ុន្មានភាគរយ មេត្តាមកប្រកាសឲ្យបានទាន់ពេលវេលា និងក្នុងដំណាល់ប្រកាសទ្រព្យសម្បត្តិ និងបំណុល លើកទី៤ ក្នុងឆ្នាំ២០១៧ខាងមុខនេះ អ្នកមានកាតព្វកិច្ចទាំងនឹងបានមកប្រកាសគ្រប់ៗគ្នា។

នៅក្នុងឱកាសទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅព្រឹកថ្ងៃទី២៣ ខែមករានេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីប្រចាំការ គាត ឈន់ បានមានប្រសាសន៍ថា ការមកប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ វាជាកាតព្វកិច្ចតាមច្បាប់ សម្រាប់អ្នកដែលត្រូវប្រកាស លោក ផ្ទាល់ មកចង់ឃើញការងាររបស់ ACU ដែលពីមួយថ្ងៃទៅមួយថ្ងៃ ដណ្តើមបានលទ្ធផលល្អជូនប្រទេសជាតិ ក្នុងការកសាងនីតិរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានមានប្រសាសន៍បញ្ជាក់ថា “អង្គភាពនេះបានជួយបោសសម្អាត ធ្វើឲ្យធុរៈជន ឬប្រជាជនមានការធូរស្រាល ក្នុងកង្វល់ទាំងឡាយ ដែលធ្វើទុកបុកម្នេញ អង្គភាពប្រឆាំងអំពើពុកលួយ គឺជាស្ថាប័នមួយ សម្រាប់ជាគំរូទៅដល់ស្ថាប័នដទៃទៀត ក្នុងការផ្តល់សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋ។ នៅពេល ACU បានធ្វើអន្តរាគមន៍ទៅលើបញ្ហាអ្វីមួយនោះ បានធ្វើឲ្យល្អស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសទៀតនោះ ស្ថាប័ននេះ បានជួយផ្តល់បរិយាកាសល្អ ទៅដល់ធុរៈកិច្ច និងអ្នកវិនិយោគទាំងឡាយផងដែរ”។

សូមបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើបានចំនួន ៣ដងរួចមកហើយ ដោយបូករួមទាំងលើកនេះផង ដោយរយៈពេល ២ឆ្នាំ តម្រូវឲ្យមន្ត្រីរាជការ ដែលមានកាតព្វកិច្ចប្រកាសទាំងអស់ត្រូវមកម្តង លើកទី១.ធ្វើឡើងក្នុងឆ្នាំ២០១១, លើកទី២.ក្នុងឆ្នាំ២០១៣ និងលើកទី៣នេះ ធ្វើឡើង ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០១៥។

គួររំលឹកថា បើយោងតាមច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងមាត្រាទី៣៨ ចំពោះអ្នកមានកាតព្វកិច្ច ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បើមិនបានមកប្រកាសនោះទេ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់៦ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ៤លានរៀល៕

ប្រភពពី៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើមអម្ពិល




Share this article :

0 ความคิดเห็น:

แสดงความคิดเห็น