ចុះកំណត់ព្រំប្រទល់រដ្ឋបាលស្រុក២ក្នុងខេត្តបន្ទាយមានជ័យតាមគោលការណ៍ក្រសួងមហាផ្ទៃ
Posted by Unknown
Posted on 08:01
with No comments
- បន្ទាយមានជ័យ ៖ ពាក់ព័ន្ធទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងពលរដ្ឋ និងពលរដ្ឋ ដោយសារតែភាពមិនច្បាស់លាស់ព្រំប្រទល់ ឬថាភាគីម្ខាងៗ ដណ្តើមគ្នាតែរៀងៗខ្លួនធ្វើជាម្ចាស់ទីតាំងដីទំនាស់ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ លោកចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងមានដូចជា មន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញ និងពលរដ្ឋពាក់ព័ន្ធ បានចុះទៅវាស់វែងកំណត់ព្រំប្រទល់រដ្ឋបាលតាមគោលការណ៍ក្រសួងមហាផ្ទៃ និងដាំបង្គោលព្រំប្រទល់រវាងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។ប្រភពព័ត៌មានបានឱ្យដឹងថា ប្រវត្តិដីទំនាស់នេះ គឺភាគីទំនាស់លើកគ្នាតវ៉ាសុំដំណោះស្រាយរឿងដីធ្លីនោះបានធ្វើឡើងនៅមុខសាលាខេត្ត សាលាដំបូងខេត្ត និងនៅរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ក្នុងនោះទាមទារឱ្យអាជ្ញាធរ និងមន្ត្រីជំនាញបកស្រាយពី ព្រំប្រទល់រដ្ឋបាល រវាងឃុំអូរបីជាន់ និងឃុំស្លក្រាមផងដែរ ព្រោះភាគីទំនាស់ ដែលមានរហូតដល់អ្នកយកឈ្មោះ អង្គការក្រៅរដ្ឋាភិបាលមកប្រើនៅក្នុងជម្លោះដីនៅទីនោះផងដែរ ។ប្រភពបានបន្តថា ដីទំនាស់នោះ ត្រូវភាគីជម្លោះខិតខំដើម្បីឱ្យបានវាស់វែង ចុះបញ្ជីធ្វើបណ្ណសម្គាល់អចលនវត្ថុ ដែលហៅថាប្លង់រឹងដោយក្រុមការងារបច្ចេកទេស និងយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដែលអនុវត្តបទបញ្ជា០១ បប ក្នុងគោលនយោបាយចាស់សកម្មភាពថ្មីដែរ ប៉ុន្តែក្រុមការងារមិនបានចុះបញ្ជីទេ ព្រោះជាដីទំនាស់ ហើយភាគច្រើនពុំបានអាស្រ័យផល និងដាំដុះនៅឡើយ ។លោក ចុង ផែត បានឱ្យដឹងថា លោក និងមន្ត្រី ព្រមទាំងអ្នកពាក់ព័ន្ធចុះមកនេះគឺអនុវត្តតាមគោលការណ៍ក្រសួងមហាផ្ទៃ ឱ្យវាស់វែង កំណត់ព្រំប្រទល់រដ្ឋបាល រវាងភូមិ ឃុំ ស្រុកទាំងពីរ ហើយបោះបង្គោលព្រំឱ្យច្បាស់លាស់ កុំឲ្យភាគីទំនាស់ចេះតែសំអាងថា ដីទំនាស់របស់ខ្លួនស្ថិតនៅភូមិសាស្ត្រខាងស្រុកអូរជ្រៅ ឬខាងស្រុកស្វាយចេកនាំឲ្យអាជ្ញាធរឈឺក្បាលស្កូវសក់ដោយសារភាពមិនច្បាស់លាស់នេះឯង ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น