Home » » អីុ​រ៉​ង់​ត្រូវ​បង្កើត​ភាព​ស៊ាំប្រឆាំង​ការ​គាបសង្កត់ និង​ទណ្ឌកម្ម​របស់​ពួក​សត្រូវ

អីុ​រ៉​ង់​ត្រូវ​បង្កើត​ភាព​ស៊ាំប្រឆាំង​ការ​គាបសង្កត់ និង​ទណ្ឌកម្ម​របស់​ពួក​សត្រូវ

មេដឹកនាំ​កំពូល​អីុ​រ៉​ង់ លោក​អា​យ៉ា​តុល​ឡា​ហ៍ អាល់​លី​ខា​មេ​នី ថ្លែង​កាលពី​ថ្ងៃ​ទី​៧ មក​រា​ថា ប្រទេស​អីុរ៉​ង់​ត្រូវ​បង្កើត​ភាព​ស៊ាំទប់ទល់​នឹង​ការ​គាបសង្កត់​នានា​របស់​ពួក​សត្រូវ​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម ។

លោក​ចោទ​ជា​សំណួរ​ថា តើ​អ្នក​ត្រូវធ្វើ​បែប​ណា ប្រសិនបើ​គេ​ដាក់​លក្ខខណ្ឌ​នានា​លើ​ការ​លុប​ចោល​បណ្តា​ទណ្ឌកម្ម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ថ្លៃថ្នូរ​របស់​ជាតិ ? លោក​គូសបញ្ជាក់​ថា យើង​ត្រូវ​រក​វិធី​ទប់ទល់​សត្រូវ​ដែល​ប្រើ​ឧបករណ៍​ដាក់​ទណ្ឌកម្ម ។

លោក​អា​លី​ខា​មេ​នី បន្ត​ថា ក្នុង​ឱកាស​នៃ​ការ​ចរចា​នា​ពេល​ថ្មី​ៗ​នេះ​អំពី​បញ្ហា​នុយក្លេអ៊ែរ បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ករ​ហូត​ដល់​ថ្លែង​ថា ប្រសិនបើ​អីុ​រ៉​ង់​ធ្វើ​សម្បទាន​នានា​លើ​បញ្ហា​ថាមពលនុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​បណ្តា​ទណ្ឌកម្ម ក៏​នឹង​មិន​លុប​ចោល​ទាំងស្រុង​ដែរ ។ ដោយសារ​ការ​ពិត​នេះ តើ​យើង​ត្រូវ​ជឿ​ទុកចិត្ត​លើស​ត្រូវ​ដែរ​ឬទេ ? ខ្ញុំ​មិន​ប្រឆាំង​ជំទាស់​នឹង​ការ​ចរចា​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា យើង​ត្រូវ​ពឹងផ្អែក​លើ​បណ្តា​ការ​ពិត ហើយ​ពុំ​មែន​ពឹង​លើ​ការ​ស្រមៃ​នានា​ឡើយ​។ អាស្រ័យ​ហេតុនេះ វិធី​តែ​មួយ​គត់​គឺ​កម្រិត​ផល​ប៉ះពាល់​នៃ​ឧបាយកល​របស់​សត្រូវ​ដោយ​ធ្វើ​ឱ្យ​អីុ​រ៉​ង់​មាន​ភាព​ស៊ាំចំពោះ​ការ​ដាក់​ទណ្ឌកម្ម​។ បែប​នេះ​ទើប​មាន​ន័យ​ពិតប្រាកដ​ថា ជា​សេដ្ឋកិច្ច​ដែល​មាន​ភាព​ទប់ទល់ ។ ការ​អនុវត្ត​ការ​ជ្រើសរើស​នេះ​ជា​ការ​ទទួលខុសត្រូវ​សំខាន់​របស់​បណ្តា​មេដឹកនាំ​អីុរ៉ង់។

លោក​អា​លឺ​ខា​មេ​នី ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ទាក់ទិន​នឹង​ការ​កាត់​បន្ថយ​ការ​ចំណុះ​របស់​ប្រទេស​ចំពោះ​ប្រាក់​ចំណូល​ពី​ប្រេងកាត ដោយ​ធ្វើ​បែប​ណា​ឱ្យ​អាច​ពឹងផ្អែក​លើ​ខ្លួនឯង​បាន គឺ​ពឹង​លើ​បណ្តា​សក្តានុពល​ក្នុងស្រុក ។ ប្រសិនបើ​ពួក​សត្រូវ​ពុំ​ព្រម​លុប​ចោល​ទណ្ឌកម្ម យើង​រក​វិធី​កុំឱ្យ​ការ​រីក​ចម្រើន និង​សុខមាលភាព​របស់​ប្រជាជន​រង​ការ​ប៉ះពាល់ ។

សេដ្ឋកិច្ច​អីុរ៉​ង់​រង​ការ​ដាក់​ទណ្ឌកម្ម​ពហុភាគី​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អឺ​រ៉ុ​ប ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ៕

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น