Home » » ឃាត់ជន​សង្ស័យ​២នាក់ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន ខណៈ​សមត្ថកិច្ច​ដាក់​កម្លាំង​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​អាកុល

ឃាត់ជន​សង្ស័យ​២នាក់ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន ខណៈ​សមត្ថកិច្ច​ដាក់​កម្លាំង​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​អាកុល





ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ និងលោក ប្រាជ្ញ សោភ័ណ្ណា អធិការរងនគរបាលខណ្ឌដង្កោ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុល និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខសាលាខណ្ឌដង្កោ លើកំណាត់ផ្លូវបេតុង២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ដោយឡែកនៅក្នុងរង្វង់ប្រតិបតិ្តការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាប់ខ្លួន។

ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន វិសាល ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី១ នៅសាលា RULE និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ គង់ រក្សា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ជិះម៉ូតូ១ គ្រឿងម៉ាក DUKE ពណ៌ខ្មៅស ពាក់ស្លាកលេខ ភ្នំពេញ 1CP-2002 ។ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង ថ្នាំញៀន ១កូនថង់តូចតម្លៃ ២០ដុល្លារ ប្រភេទម្សៅក្រាមពណ៌ស។

ជាមួយគ្នានេះផងដែរ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ ក៏បានលើកឡើងថា ការដែលកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ យើងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះគឺ ធ្វើឡើងជាប្រចាំក្រោមការបញ្ជាផ្ទាល់ពីលោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោ ក្នុងគោលបំណងពង្រឹងសន្តិសុខក្នុងមូលដ្ឋាន ជាពិសេសអនុវត្តន៍នូវគោលនយោបាយភូមិ សង្កាត់ មានសុវតិ្ថភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

លោក ចេង មុនីរ៉ា បន្តថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ដែលបានដឹកនាំដោយរូបលោកផ្ទាល់ និងលោកអធិការរងក្នុងយប់នេះមាន កម្លាំងសរុប៦៥នាក់ ក្នុងនោះមានកម្លាំង កងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌផងដែរ។

លោកថា នៅក្នុងរង្វង់ប្រតិបតិ្តការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យគ្រឿងស្រវឹងនោះ មិនមានអាវុធឆ្លងកាត់ទេ។ ក៏ប៉ុន្តែមានគ្រឿងញៀនឆ្លងកាត់ ក៏ត្រូវកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌឃាត់ខ្លួន ២នាក់ ហើយបច្ចុប្បន្នកំពុងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ អយ្យការសាលាដំបូងរាជធានីភ្នំពេញ ៕

Share this article :

0 ความคิดเห็น:

แสดงความคิดเห็น