Home » » រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អនុញ្ញាឲ្យ គណៈប្រតិភូ អង្គការកុមារ អាស៊ីអាស្ពេកា ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ

រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អនុញ្ញាឲ្យ គណៈប្រតិភូ អង្គការកុមារ អាស៊ីអាស្ពេកា ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ




ភ្នំពេញៈ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាត ឲ្យគណៈប្រតិភូ របស់អង្គការ កុមារអាស៊ីអាស្ពេកា ដែលដឹកនាំដោយ លោក Etienne Rousell ប្រធានកិត្តិយសអង្គការ កុមារអាស៊ីអាស្ពេកា ប្រចាំប្រទេស បារាំងចូលជួប សម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ នឹងបញ្ហារបស់កុមារ នៅក្នុងមណ្ឌលផ្ទាល់របស់អង្គការ។

លោក Etienne Rousell ប្រធានកិត្តិយស អង្គការកុមារអាស៊ីអាស្ពេកា ប្រចាំប្រទេសបារាំង មានប្រសាសន៍ថា គោលបំណងរបស់លោក នាពេលនេះគឺចង់ស្នើសុំ អនុសាសន៍របស់ លោករដ្ឋមន្រ្តី ទាក់ទងនឹងបញ្ហាកុមារ ដែលរស់នៅក្នុង មណ្ឌលមានការថយចុះ ជាហេតុធ្វើឲ្យការផ្តល់ ជំនួយមានការថយចុះ ទៅតាមចំនួន កុមារផងដែរ។

លោកក៏បានថ្លែងនូវការចាប់អារម្មណ៍ ចំពោះមណ្ឌលស្តារនីតិសម្បទាកុមារ ដែលរងគ្រោះ ដោយសារធាតុញៀន នៅខេត្តបន្ទាយមានជ័យ ផងដែរ ដោយលោកយល់ព្រមតាមសំណើរ របស់ប្រធានមជ្ឈមណ្ឌល ក្នុងការកសាង បណ្ណាល័យ មួយសម្រាប់ឲ្យកុមារ នៅទីនោះ មានឱកាសសិក្សា ស្វែងយល់ពី ចំណេះដឹងទូទៅ បន្ថែមទៀត ហើយជាពិសេសគឺ អាចជួយឲ្យពួកគេជៀសឲ្យផុតពីការគិតទៅរកគ្រឿងញៀនវិញផងដែរ។ ចំណែកការកសាង នេះ នឹងប្រព្រឹត្តទៅនាពេលខាងមុខបន្ទាប់ពីរូបលោក នឹងស្វែងរកជំនួយពីសប្បុរសជននានា ឲ្យបានឆាប់បំផុត។

ជាការឆ្លើយតបលោកវង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច មានប្រសាសន៍ថា ចំពោះបញ្ហាកុមារ ដែលចេះតែថយចុះ នៅតាមមណ្ឌលគឺ ដោយសារកន្លងមក ក្រសួងបានរកឃើញថា មានមណ្ឌលមួយចំនួន មិនបានអនុវត្ត តាមគោលការណ៍ របស់ក្រសួង ដូច្នេះហើយតម្រូវឲ្យបិទមណ្ឌល និងធ្វើសមាហរណកម្ម កុមារទៅតាមមូល ដ្ឋានវិញ។ ប៉ុន្តែបើសិនអង្គការកុមារអាស៊ីអាស្ពេកា ត្រូវការឲ្យក្រសួងជួយនោះគឺ ក្រសួងនឹងពិនិត្យទៅលើលក្ខខណ្ឌ ក៏ដូចជាការផ្តល់នូវ សេវាជូនកុមាររបស់អង្គការតាមសំណូមពរ។

ជាមួយគ្នានេះដែរក្រសួងមន្ទីរតាមរាជធានី/ខេត្ត ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នឹងបើកកិច្ចប្រជុំ ត្រួតពិនិត្យ ឡើងវិញ ឲ្យបានម៉ត់ចត់ទៅលើគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដែលមានស្រាប់ ហើយស្វែងរកកុមារ តាមសហគមន៍ដោយជ្រើសយក តែកុមារក្រីក្រ កុមារកំព្រា ជួបការលំបាកពិតប្រាកដ ដើម្បីផ្តល់សេវា ជូនពួកគេឲ្យបានរស់ នៅសមរម្យដូចកុមារដទៃ ទៀតពោលគឺអ្វីៗ ដើម្បីការពារឧបត្ថម្ភប្រយោជន៍ របស់កុមារឲ្យចំមុខសញ្ញា របស់យើង។

លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ បានយ៉ាងល្អ នាពេលកន្លង មករវាងអង្គការកុមារអាស៊ីអាស្ពេកា ប្រចាំកម្ពុជាជាមួយក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាដោយទទួលបាននូវ លទ្ធផលផ្លែផ្កា គួរជាទីមោនៈ ក្នុងគោលបំណង លើកកម្ពស់វិស័យសុខុមាលភាព នៅកម្ពុជាមានភាព ប្រសើរឡើងបានមួយកម្រិត។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ចំពោះមណ្ឌលរដ្ឋ និងមណ្ឌលអង្គការ គឺមានភាពខុសគ្នាត្រង់ថា មណ្ឌលរដ្ឋពុំសូវមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការមើលថែកុមារ ដូចកុមារនៅមណ្ឌលអង្គការ នោះទេទន្ទឹម នឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពិនិត្យ គិតគូរដើម្បីធ្វើយ៉ាងណា ឲ្យការរស់នៅរបស់ កុមារនៅតាម មណ្ឌលមានភាពប្រសើរជាងមុន។ហើយទាក់ទងទៅនឹងមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន វិញក្នុងនោះ ក៏មានកុមាររងគ្រោះដែរ ហើយវាជបន្ទុកដ៏ធំ មួយដោយសារជនរងគ្រោះ ដែលការចេញ ពីមណ្ឌល តិចជាងចូលដែលនេះជាបញ្ហាប្រឈមមួយដែលក្រសួងត្រូវពិនិត្យដោះស្រាយមួយទៀត។

ជាទីបញ្ចប់លោករដ្ឋមន្រ្តីក៏បានសន្យាថា នឹងបន្តនូវកិច្ចសហប្រតិបត្តិការ យូរអង្វែងទៀត ជាមួយអង្គការ កុមារអាស៊ីអាស្ពេកា ឲ្យរិតតែប្រសើរឡើងដើម្បីរួមគ្នា ការពារឧត្តមប្រយោជន៍ របស់កុមារនៅ តាមមណ្ឌលឲ្យទទួលបានសិទ្ធិមូលដ្ឋានទាំងបួនដូចកុមារដទៃទៀត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកុមារដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលរបស់អង្គការកុមាអាស៊ីអាស្ពេកា សរុបចំនួនៈ ២,៣១០នាក់ ក្នុងនោះស្រីមានចំនួន ១,១១៨នាក់ ហើយអង្គការបានផ្តល់ៈ អាហារបីពេលក្នុង១ថ្ងៃ សេវា ថែទាំសុខភាព និងការអប់រំ សិក្សាពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមសិក្សា ឬបញ្ជូនទៅរកសាលា បណ្តុះបណ្តាល វិជ្ជាជីវៈ ។ ហើយកុមារដែលទំនេរពីការសិក្សា គឺពួកគេបានចូលរួមសកម្មភាពដូចជាៈ បណ្ណាល័យ សិល្បៈ កីឡា កសិកម្ម សិប្បកម្មខ្នាតតូច រៀនភាសា កុំព្យូទ័រ ។ល។ ចំពោះការចំណាយថវិកាក្នុងការចិញ្ចឹមកុមារ និងអភិវឌ្ឍន៍មណ្ឌលក្នុងឆ្នាំ ២០១៤កន្លងមក អស់ជាងមួយលានដុល្លារសហរដ្ឋអាម៉េរិក ៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น