គង់ការ និង ម៉ាលីណែត ផ្ទុះជម្លោះនៅលើឆាកកាត់សេចក្តី ក្នុងកម្មវិធី” កំពូលតារាបង្ហាញម៉ូដកម្ពុជា” របស់ MyTV
Posted by Unknown
Posted on 22:17
with No comments
នៅក្នុងសប្ដាហ៍ទី៩ នៃកម្មវិធីប្រកួតកំពូលតារាបង្ហាញម៉ូដកម្ពុជា នៅសល់តែបេក្ខនារីជើងខ្លាំង៨រូបប៉ុណ្ណោះដែលនៅសល់ក្នុងការប្រកួត ដោយក្នុងនោះរួមមាន សំណាង សុភក្រ សុរិយ៉ាន់ គន្ធី គង់ការ ដាលីស ម៉ាលីណែត និងកេសី។ សប្ដាហ៍នេះ បេក្ខនារីទាំងអស់ត្រូវធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីថតរូប ដែលវិញ្ញាសាគឺមានភាពខុសប្លែកពីសប្ដាហ៍មុនៗ។
បេក្ខនារីទាំង៨រូប ត្រូវបានបែងចែកជា៤ក្រុមក្នុងមួយក្រុមមានគ្នា២នាក់ ដើម្បីថតរូបជាមួយអ្នកបង្ហាញម៉ូដជនជាតិប្រេស៊ីលម្នាក់។ មានន័យថា វិញ្ញាសានេះតម្រូវឲ្យបេក្ខនារីត្រូវចេះធ្វើការជាក្រុម និងផ្ដល់រូបភាពដែលមានភាពស៊ីគ្នារវាងម៉ូដែលទាំង៣នៅក្នុងរូបតែមួយ។ កេសីជាដៃគូជាមួយ សុរិយ៉ាន់ គន្ធីជាដៃគូជាមួយសំណាង សុភក្រ ជាដៃគូជាមួយ ដាលីស និងគង់ការជាដៃគូជាមួយម៉ាលីណែត។
នៅលើវេទិការកាត់សេចក្ដី ម៉ាលីណែតបានលើកពីភាពជឿជាក់ខ្លាំងពេករបស់គង់ការ និងភាពចង់ឈ្នះខ្លាំងនៅពេលថតរូប ដែលជាមូលហេតុធ្វើឲ្យរូបថតរបស់នាងនិងគង់ការ មិនស៊ីចង្វាក់គ្នា ពោលគឺនៅក្នុងរូបភាពនេះ ហាក់ដូចជាម្នាក់ៗប្រឹងដណ្ដើមយកតួប្រុសរៀងៗខ្លួន។ គង់ការវិញបានតបទៅវិញថា នាងបានផ្លាស់ប្តូរឱកាសឲ្យដៃគូច្រើនដែរនៅពេលថតរូប ប៉ុន្តែមិនរំពឹងថារូបថតនឹងចេញមកបែបនេះ។
នៅក្នុងបន្ទប់រង់ចាំ ម៉ាលីណែត បានប្រាប់គង់ការ ត្រង់ៗពីភាពមានអំនួតហួសហេតុរបស់គង់ការ ជាចំណុចដែលបេក្ខនារីដទៃមិនមានភាពពេញចិត្តកន្លងមក។ ប៉ុន្តែគង់ការ នៅតែឈរលើជំហរដដែលថានាងមកប្រកួតគឺចង់បានជ័យជំនះ ហើយបេក្ខនារីដទៃទៀត ក៏ចង់បានជ័យជំនះដូចគ្នា ហើយនាងបញ្ជាក់ថានាងជាមនុស្សដែលមានការកំណត់គោលដៅខ្លួនឯងច្បាស់លាស់ និងទាមទារឲ្យបេក្ខនារីដទៃយល់។
ទោះបីជាអ្នកទាំងពីរមានជម្លោះខ្លាំងបន្ទាប់ពី ការកាត់សេចក្ដីក៏ដោយ ប៉ុន្តែ គង់ការ និងម៉ាលីណែតនៅតែមានសិទ្ធិបន្តនៅក្នុងការប្រកួត ព្រោះគន្ធី ជាអ្នកដែលត្រូវចាកចេញពីកម្មវិធីទាំងសោកស្តាយ។ ឯ ដាលីស បានធ្វើឲ្យមានភាពភ្ញាក់ម្តងទៀតដោយនាងបានឈ្នះរូបថតស្អាតជាលើកទី២បន្ទាប់ពីសប្ដាហ៍មុន។ ពោលគឺដាលីសបានឈ្នះរូបថតស្អាត និងChallenge ពីរសប្ដាហ៍ជាប់គ្នា។
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น