Home » » ការ​ចរចា​គ្នា​ផ្លូវការ​ដំបូង​អា​មេ​រិ​ក​-​គុយ​បា​ធ្វើ​នា​ថ្ងៃ​ទី​21 និង 22 មក​រា

ការ​ចរចា​គ្នា​ផ្លូវការ​ដំបូង​អា​មេ​រិ​ក​-​គុយ​បា​ធ្វើ​នា​ថ្ងៃ​ទី​21 និង 22 មក​រា


ក្រសួងការបរទេស​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​៨ មក​រា​ថា សហរដ្ឋអាមេរិក និង​គុយ​បា នឹង​ធ្វើការ​ចរចា​ផ្លូវការ​ដំបូង​ចាប់ពី​ថ្ងៃ​ទី​២១ មក​រា ទៅ​នៅ​ទីក្រុង​ឡា​ហា​វ៉ា​ន សំដៅ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ ។

លោកស្រី JENNIFER PSAKI អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក គូសបញ្ជាក់​ថា អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​កិច្ចការ​អា​មេ​រិ​កឡា​ទី​ន លោកស្រី ROBERTA JACOBSON នឹង​ទៅ​កាន់​រដ្ឋធានី​គុយ​បា នា​ថ្ងៃ​ទី​២១ និង​២២ មក​រា ដើម្បី​ធ្វើការ​ចរចា​គ្នា​នោះ ។

លោកស្រី PSAKI បញ្ជាក់​ថា ការ​ចរចា​នោះ​ប្រព្រឹត្ត​ទៅ​ខាងក្រៅ ការ​ពិភាក្សា​គ្នា​ដែល​ប្រទេស​ទាំង​២ តែង​ធ្វើ​ជា​ទៀងទាត់​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍ ។ នេះ​ជា​ការ​ចរចា​មួយ​ជាមួយ​រដ្ឋាភិបាល​គុយ​បា​ស្តី​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ការទូត ។

ការ​ចរចា​នោះ​ដែល​ជា​គោលការណ៍​សម្រេច​ធ្វើ​ក្រោយ​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ពី​ការ​ខិតចូល​ជិត​គ្នា​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​២ នឹង​ជា​ការ​ចរចា​គ្នា​ផ្លូវការ​លើក​ដំបូង បន្ទាប់​ពី​រយៈពេល​១៨​ខែ​នៃ​ការ​ចរចា​គ្នា​ជា​សម្ងាត់​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ឡា​ហា​វ៉ា​ន​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​បុរី​វ៉ា​ទី​កង់ និង​ប្រទេស​កា​ណា​ដា ។

រដ្ឋាភិបាល​ទាំង​ពីរ​ត្រូវ​ពិភាក្សា​គ្នា​ជា​ពិសេស​ពី​ការ​បើក​ស្ថានទូត ទោះបីជា​ប្រទេស​ទាំង​ពីរ​មាន​រួច​ហើយ​ផ្នែក​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ក្តី ។

អា​មេ​រិ​កបាន​ដាក់​ការ​ហុ​៊ុ​ម​ព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​គុយ​បា ចាប់តាំងពី​ជាង​កន្លះ​សតវត្ស​មក​ហើយ ។

ចំណែក​អាជ្ញាធរ​គុយ​បា​ដែល​សន្យា​កាលពី​ខែធ្នូ ដោះ​លែង​អ្នកទោស​នយោបាយ​៥៣​នាក់​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​នោះ​បាន​ដោះ​លែង​អ្នកទោស​នយោបាយ​១១​នាក់​ទៀត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ៕

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស



Share this article :

0 ความคิดเห็น:

แสดงความคิดเห็น