Home » » សហជីព​កម្មករ​ខ្លះ​ចាត់​ទុក​ឆ្នាំ​២០១៤​ជា​ឆ្នាំ​ដែល​ប្រឈម​ខ្លាំង

សហជីព​កម្មករ​ខ្លះ​ចាត់​ទុក​ឆ្នាំ​២០១៤​ជា​ឆ្នាំ​ដែល​ប្រឈម​ខ្លាំង

បញ្ហា​លំបាក​នានា​របស់​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៤ ត្រូវ​បាន​សហជីព​កម្មករ​ខ្លះ​ចាត់​ទុក​ថា ជា​ឆ្នាំ​ដែល​ប្រឈម​ខ្លាំង​ក្នុង​ការ​ធ្វើ​សកម្មភាព​តស៊ូ​មតិ​លើ​លក្ខខណ្ឌ​ការងារ។

សហភាព​ការងារ​កម្ពុជា ដែល​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​សម្រាប់​កម្មករ​ជា​សមាជិក ៩​ម៉ឺន​នាក់ នៅ​ខេត្ត​ក្រុង​ចំនួន ១៤ បាន​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​មួយ ដោយ​បង្ហាញ​ពី​បញ្ហា​ប្រឈម​​ជា​ច្រើន ថា​ជា​សម្ពាធ​ដ៏​លំបាក​មក​លើ​សហជីព និង​កម្មករ​ក្នុង​ឆ្នាំ​២០១៤ ខុស​ពី​ឆ្នាំ​២០១៣។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​លំបាក​ទាំង​នោះ គឺ​មាន​ការ​ទទួល​រង​អំពើ​ហិង្សា និង​ការ​រំលោភ​ផ្សេងៗ​លើ​កម្មករ៖ «ចំណុច​ដែល​វេទនា​លំបាក​ហ្នឹង មាន​ដូច​ថា មាន​ការ​ចាប់​ខ្លួន​រហូត​ដល់​ជាង ២៣​នាក់ ហើយ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ជាង ១០០​នាក់ ហើយ​មាន​ការ​បញ្ឈប់​រហូត​ដល់​ជាង ៦.០០០​នាក់ ហើយ​និង​ការ​ប្ដឹង​ទៅ​តុលាការ​ជាង ២០​ករណី​ហ្នឹង គឺ​សុទ្ធ​តែ​ជា​រឿង​ថ្មី ដែល​ឆ្នាំ​មុនៗ ការ​ចាប់​ខ្លួន​មិន​មាន​ទេ ហើយ​ការ​បញ្ឈប់​ក៏​មិន​ច្រើន​ដូច​ហ្នឹង​ដែរ ហើយ​ការ​ប្ដឹង​ទៅ​តុលាការ​ក៏​មាន​តែ​ពីរ​បី​ករណី​ដែរ។ នេះ​ជា​ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​ក្រុម​ចលនា​សហជីព និង​សមាជិក ស៊ី.អិល.ស៊ី (CLC) របស់​យើង»។

ទាក់ទង​នឹង​បញ្ហា​ទូទៅ លោក​បាន​លើក​យក​បញ្ហា​ដួល​សន្លប់ និង​ការ​គ្រោះថ្នាក់​របស់​កម្មករ​ដែល​មាន​ចំនួន​កើន​លើស​ឆ្នាំ​២០១៣។ លោក​ថា​ មូលហេតុ​ដែល​កម្មករ​ដួល​សន្លប់ គឺ​បណ្ដាល​មក​ពី​ការ​ធ្វើ​ការ​ច្រើន​ម៉ោង មាន​កម្លាំង​ខ្សោយ ហើយ​ប៉ះពាល់​ជាតិ​គីមី ដែល​គេ​ប្រើ​ការពារ​សាច់​ក្រណាត់។ បន្ថែម​លើស​នេះ​ទៀត ក្នុង​ចំនួន​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​​សរុប ៤.៧៣៧​នាក់ គឺ​មាន​កម្មករ​ចំនួន ៣.៨០០​នាក់។

លោក​ថា មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​ខាង​និយោជក និង​មន្ត្រី​រដ្ឋាភិបាល​ឃុបឃិត​គ្នា​ធ្វើ​បាប​កម្មករ និង​តំណាង​សហជីព។

តប​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​ធុរកិច្ច​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា ថ្លែង​ថា ជា​ការ​ចោទ​ប្រកាន់​ខុស​ការ​ពិត ហើយ​បញ្ហា​តុលាការ​ចាប់​កម្មករ គឺ​ដោយសារ​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ហិង្សា និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ៖ «កូដកម្ម បាតុកម្ម​ដាច់​ដោយ​ឡែក​នៅ​តាម​រោងចក្រ​មួយៗ ខ្ញុំ​មិន​ដែល​ឃើញ​រដ្ឋាភិបាល ឬ​អាជ្ញាធរ ទៅ​ចាប់​បាន​នរណា​ម្នាក់​យក​ទៅ​ឃុំ​ខ្លួន​ទេ ហើយ​កូដកម្ម បាតុកម្ម​ទាំង​អស់​នោះ សុទ្ធ​តែ​ជា​កូដកម្ម បាតុកម្ម​​ខុស​នីតិវិធី​ទាំង​អស់។ រឿង​បាតុកម្ម​ហិង្សា​ដែល​កើត​ឡើង​នៅ​ដើម​ឆ្នាំ បើ​យើង​ពិនិត្យ​មើល​ឃើញ​ទាំង​អស់​គ្នា បាតុកម្ម​ហ្នឹង​វា​មាន​លក្ខណៈ​ហិង្សា ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ យើង​ឃើញ​ហើយ រដ្ឋាភិបាល​មិន​ទាន់​បាន​ផ្ដន្ទាទោស​អ្នក​ណា​ម្នាក់​ឱ្យ​ដល់​កម្រិត​ទេ។ យើង​ឃើញ​តែ​រយៈ​ពេល​ប៉ុន្មាន​ទេ លែង​មក​អស់​វិញ​ទៅ​ទៀត​ហើយ»។

ទោះ​ដូច្នេះ​ក្ដី លោក អាត់ ធន់ កត់​សម្គាល់​នូវ​ភាព​ល្អ​ប្រសើរ​ខ្លះ​ដែរ បន្ទាប់​ពី​ធ្វើ​សកម្មភាព​តស៊ូ​មតិ​នៅ​ក្នុង​ឆ្នាំ​២០១៤ នោះ។ ក្នុង​នោះ​មាន​ដូច​ជា ការ​ដំឡើង​ប្រាក់​ខែ និង​ការ​ចូលរួម​របស់​សហជីព​ក្នុង​ការ​ចរចា​ជា​ដើម៖ «ខ្ញុំ​ឃើញ​ថា​ប្រសើរ​ហ្នឹង ដូច​ជា​ប្រាក់​ឈ្នួល​យើង​ឃើញ​ថា បាន​ឡើង​ឱ្យ​កម្មករ​ហ្នឹង​បាន​ប្រសើរ​ខ្លះ ទោះ​បី​ជា​វា​មិន​ទាន់​ដល់​គ្រប់​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​មួយ​ទៀត យើង​ឃើញ​ថា ទោះ​បី​ជា​មាន​អំពើ​ហិង្សា​យ៉ាង​ណា​ក៏​ដោយ កម្មករ​របស់​យើង​ចូលរួម​សហជីព​នៅ​តែ​សស្រាក់សស្រាំ​ដដែល។ ភាព​ប្រសើរ​មួយ​ទៀត គឺ​ខាង​រដ្ឋាភិបាល​ដែល​តែង​ចាត់​ទុក​សហជីព​ជា​មនុស្ស​មិន​ឱ្យ​តម្លៃ ឬ​ចរចា​ហ្នឹង គឺ​គេ​បាន​ធ្វើ​ការ​ចរចា​ជាមួយ​យើង។ គេ​បាន​ទទួល​ស្គាល់​នូវ​ការ​ជជែក​ពិភាក្សា​ជា​មួយ​យើង»។

ទន្ទឹម​គ្នា​នេះ​ដែរ លោក អាត់ ធន់ អំពាវនាវ​ដល់​ស្ថាប័ន​រដ្ឋ និង​អង្គការ​ពាក់ព័ន្ធ​ឱ្យ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ​ឱ្យ​បាន​ប្រសើរ ហើយ​រដ្ឋាភិបាល​ត្រូវ​ដាក់​ទោស​និយោជក និង​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស។ លោក​សុំ​ឱ្យ​តុលាការ​មាន​ភាព​ឯករាជ កាត់ក្ដី​ចំពោះ​​កម្មករ និង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ មិន​រង​ឥទ្ធិពល​ទឹក​ប្រាក់ និង​អំណាច​នយោបាយ៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น