Home » » ទទួលទាន​ទឹកដោះគោ​2​កែវ​ក្នុង​មួយ​ថ្ងៃ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម

ទទួលទាន​ទឹកដោះគោ​2​កែវ​ក្នុង​មួយ​ថ្ងៃ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម

ក្រុម​អ្នក​ស្រាវជ្រាវ​ជាតិ​ហូ​ឡង់​បាន​អះអាង​ថា ការ​ទទួលទាន​ទឹកដោះគោ​២​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ព្រមទាំង​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង​បាន ។

អំណះអំណាង ​ខាង​ដើម​នេះ​បាន​កើត​ចេញ​បន្ទាប់​ពី​មានការ​វិភាគ​យ៉ាង​ល្អិតល្អន់​ទៅ​លើ​ លទ្ធផល​នៃ​ការ​ពិសោធ​ចំនួន​៩​ពាក់ព័ន្ធ​លើ​មនុស្ស​៥​ម៉ឺន​៧​ពាន់​នាក់ ដោយ​ក្នុង​ចំណោម​នោះ ១​ម៉ឺន​៥​ពាន់​នាក់​ប្លាយ​ជា​អ្នក​លើសឈាម ហើយ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និបាត​វេជ្ជសាស្ត្រ​ ទ្វីបអឺរ៉ុប​នៅ​ប្រទេស​បារាំង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

អ្នកដឹកនាំ ​ការ​ស្រាវជ្រាវ វេជ្ជបណ្ឌិត Sabita S.Soedamah-Muthu​មក​ពី​សាកលវិទ្យាល័យ Wageningen University ប្រទេស​ហូ​ឡង់​បាន​ថ្លែង​ថា ក្រុម​អ្នក​ធ្វើ​វិភាគ​បាន​រក​ឃើញ​ថា ការ​ផឹក​ទឹកដោះគោ​ប្រហែលជា​២​កែវ​ក្នុង​មួយ​ថ្ងៃ​បាន​បន្ថយ​នូវ​ហានិភ័យ​ពី​ ការ​លើសឈាម ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ថា​៖« លទ្ធផល​ក្រោយ​ការ​វិភាគ​ចង្អុលបង្ហាញ​ថា មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​មួយ រវាង​កំណើន​នៃ​ចំនួន​កែវ​ទឹកដោះគោ​ក្នុង​មួយ​ថ្ងៃ​ៗ​ទៅ​នឹង​អត្រា​ថយ​ចុះ​នៃ ​ឧ​ប្ប​តិ្ត​ហេតុ​លើសឈាម »​។

លទ្ធផល​លើក​នេះ​គឺ​បាន​បង្ហាញ​នូវ​ការ​ គាំទ្រ​លើ​ការ​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Daniel R.Machin​ដែល​រក​ឃើញ​ថា ការ​ដាក់​បញ្ចូល​ផលិតផល​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ខ្លាញ់​ទាប ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​គឺ​ជួយ​ធ្វើ​ឱ្យ​ថយ​ចុះ​សម្ពាធ​ឈាម​សម្រាប់ ​បុគ្គល​វ័យ​កណ្តាល​និង​វ័យចាស់ ។

ដោយឡែក លទ្ធផល​នៃ​ការ​សិក្សា​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​បទ​បង្ហាញ​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ​បាន​រក​ឃើញ​ថា ទឹកដោះគោ​ជួយ​ផ្តល់​ការ​អភិវឌ្ឍ​ដល់​ខួរក្បាល​កុមារ ហើយ​ថា ការ​ដាក់​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ចាស់​គឺ​ អាច​ជួយ​បង្កើន​សារធាតុចិញ្ចឹម​បាន ៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น