Home » » អភិបាល ខណ្ឌសែនសុខ ហៅម្ចាស់ផ្ទះជួល ជាង៣០០នាក់ មកប្រាប់អំពីការ តបណ្តាញ ខ្សែភ្លើង និងដាក់កុងទ័រ ដល់បន្ទប់ជួល

អភិបាល ខណ្ឌសែនសុខ ហៅម្ចាស់ផ្ទះជួល ជាង៣០០នាក់ មកប្រាប់អំពីការ តបណ្តាញ ខ្សែភ្លើង និងដាក់កុងទ័រ ដល់បន្ទប់ជួល




ភ្នំពេញ ៖ អភិបាលខណ្ឌសែនសុខ លោក លី សាវេត និងមន្រ្តីអង្គភាពអគ្គិសនី អូរបែកក្អម លោក អ៊ឹម សុផាន់ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ បានកោះអញ្ជើញម្ចាស់ផ្ទះជួល ជាង៣០០នាក់ នៅក្នុងខណ្ឌមកពិភាក្សា និងប្រាប់អំពីការ តបណ្តាញខ្សែភ្លើង និងដាក់កុងទ័រ ដល់បន្ទប់ផ្ទះជួល ដើម្បីត្រៀមបញ្ចុះតម្លៃភ្លើង មកត្រឹម៦១០រៀល ក្រោម៥០គីឡូវ៉ាត់ម៉ោង ដែល ប្រមុខរាជរដ្ឋាភិបាល សម្រេចជូន។

នៅចំពោះមុខម្ចាស់ជួលជាង៣០០នាក់ខាងលើនេះ អភិបាលខណ្ឌសែនសុខ បានប្រាប់ថា រាល់អ្នកមកជួលផ្ទះ ត្រូវកត់អត្តសញ្ញាណ និង រាយ ការណ៍ ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលការ គ្រប់គ្រងរដ្ឋបាល ។

ជាមួយគ្នានេះ លោកអភិបាល ខណ្ឌសែនសុខ ក៏បានបង្ហាញ និងលើកឡើងពីការរីកចំរើន នៅក្នុងខណ្ឌ ដែលមាន ប្រព័ន្ធផ្លូវខ្វាត់ខ្វែង និងសំណង់អាគារជាច្រើន ។

យោងតាម របាយការណ៍ របស់អាជ្ញាធរ ខណ្ឌសែនសុខ បានឲ្យដឹងថា នៅក្នុងសង្កាត់ទាំង៤ របស់ ខណ្ឌសែនសុខ មាន បន្ទប់ជួល១២៩៧៥ បន្ទប់ គឺនៅសង្កាត់ឃ្មួញ សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា និងសង្កាត់ក្រាំងធ្នង់ ។

លោកលី សាវេត ក៏បានអំពាវនាវ ដល់ម្ចាស់ផ្ទះជួល ទាំងអស់ត្រូវចូលរួម សហការឲ្យបានល្អ ដល់មន្រ្តីអគ្គិសនី និងអាជ្ញាធរខណ្ឌ នៅពេលដែល ចូលទៅដាក់កុងទ័រ និងតខ្សែភ្លើងនាពេលខាងមុខ។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ កម្រិតជីវភាពរបស់កម្មករ កម្មការិនី នៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញ នោះ សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចតបណ្តាញខ្សែភ្លើង និងបំពាក់កុងទ័រ ដល់បន្ទប់ជួលជាង៣ម៉ឺនបន្ទប់ ទូទាំងរាជធានីភ្នំពេញ ដោយត្រូវចំណាយទុនប្រមាណ២លានដុល្លារ៕

ដោយៈ ដើមអម្ពិល


Share this article :

0 ความคิดเห็น:

แสดงความคิดเห็น