អាជ្ញាធរបន្ទាយមានជ័យ សិក្សាពីផែនការ គ្រោងស្ថាបនា ផ្លូវអមសងខាងស្ទឹង សិរីសោភ័ណ
Posted by Unknown
Posted on 07:59
with No comments
បន្ទាយមានជ័យ: អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបង្ហើបអោយដឹង អំពីគម្រោងសិក្សារបស់ខ្លួនមួយ ដើម្បីនឹងស្ថាបនាផ្លូវ២ខ្សែ អមសងខាងមាត់ស្ទឹង សិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ។
លោក ចុង ផែត អភិបាលរង ខេត្តបន្ទាយមានជ័យ បានអោយដឹងនៅថ្ងៃទី ១៧ មករាថា: នេះជាគំនិតរបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ផ្តល់ដល់ខេត្ត ដើម្បីសិក្សាសម្រាប់ផែនការ ៥ ឆ្នាំ ខាងមុខ។
លោកបានបន្តថា : ចំពោះមុខ ខេត្តអោយក្រុមការងារ របស់អាជ្ញាធរដែនដី និងមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរធនធានទឹក ជាដើម សិក្សាពីចំណុចស្ពានថ្មព្រះពន្លា ក្នុងសង្កាត់ព្រះពន្លា និងសង្កាត់អូរអំបិល ដល់ស្ពានទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ឬភាគខាងត្បូង ក្រុងសិរីសោភ័ណ លើផលប៉ះពាល់នៃផ្ទះ សំណង់នានា និងដីឯកជន។
លោកបានអោយដឹងថា: គម្រោងផ្លូវអមស្ទឹងសិរីសោភ័ណនេះ សងខាងអាចមានប្រវែង ៣០ គីឡីម៉ែត្រ ហើយផ្លូវនេះ អាចមានទទឹងដល់ ៣០ ម៉ែត្រ។ ហេតុនេះ ផលប៉ះពាល់ ក៏មិនធម្មតាដែរ។ ប៉ុន្តែលោក ចុង ផែត បដិសេធមិននិយាយលំអិតបន្ថែម ពីគម្រោងនេះទេ។ លោកគ្រាន់តែលើកឡើងថា បើធ្វើបាន យើងមានមោទនភាព ចំពោះការអភិវឌ្ឍន៍ ក្រុងសិរីសោភ័ណ អោយមានរូបរាងថ្មី មានសោភ័ណភាព មានស្ទឹងនៅកណ្តាលក្រុង ដូចក្រុងពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ ដែលជាខេត្តជុំវិញបឹងទន្លសាប តែលក្ខណ:ពិសេស ក្រុងសិរីសោភ័ណ មានប្រជុំកូនភ្នំដ៏ស្រស់ នៅខាងជើង និងមានស្ទឹង នៅខាងត្បូង។
លោក ចុង ផែត បានបន្តថា: តែចំពោះមុខ ខេត្តអនុញ្ញាតអោយមានការស្តារស្ទឹង ពីព្រះពន្លាដល់ទឹកថ្លា ដោយកាយដី នៅរដូវប្រាំង។
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น