លោកស ខេង ៖ កងកម្លាំងនគរបាលអន្តរាគមន៍ពិសេស មានភារកិច្ចដោះស្រាយ ហេតុការណ៍បន្ទាន់
Posted by Unknown
Posted on 08:10
with No comments
ភ្នំពេញ: លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងពិធីសម្ពោធសាលាមិត្តភាព នគរបាល កម្ពុជា-វៀតណាមថា កងកម្លាំងនគរបាល អន្តរាគមន៍ពិសេស គឺជាផ្នែកមួយយ៉ាងសំខាន់ មានភារកិច្ចដោះស្រាយ ហេតុការណ៍បន្ទាន់ ក្នុងន័យធ្វើការទប់ស្កាត់ នូវរាល់សកម្មភាព ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបាននូវសុវត្ថិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ឲ្យល្អប្រសើរឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ត្រឹន ដាយខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសាលាមិត្តភាព នគរបាល កម្ពុជា-វៀតណាម កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅសាលាមិត្តភាពនគរបាល កម្ពុជា-វៀតណាម ស្ថិតនៅភូមិ-ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនេះដែរ លោកគៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងអានរបាយការណ៍ ស្តីពី ការសាងសង់ សាលាមិត្តភាពនគរបាល កម្ពុជា-វៀតណាម ថា ដើម្បីធានាឆ្លើយតបបាន នូវសភាពការណ៍ និងហានិភ័យនានា ពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជា តម្រូវការហ្វឹកហ្វឺន ដើម្បីលើកកម្ពស់សមត្ថភាព កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព អគ្គស្នងការនគរបាលជាតិ បានផ្តើមមតិ សុំរៀបចំបង្កើតសាលាហ្វឹកហ្វឺន ជំនាញបច្ចេកទេស ពិសេសដល់កងកម្លាំងអន្តរាគមន៍ ដើម្បីកងកម្លាំង មានសមត្ថភាពគ្រប់គ្រាន់ បំពេញបេសកកម្ម ការពារប្រជាពលរដ្ឋ។ តាមសំណូមពរនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានផ្តល់ជូននូវដីទំហំ ៣៦ ហិកតា ក្នុងនោះដីចំនួន ២៦ ហិកតា សម្រាប់សាងសង់សាលា និងដីចំនួន ១០ ហិកតាទៀត សម្រាប់ត្រៀមបំរុង ដែលមានចម្ងាយពីរាជធានីភ្នំពេញ ៨៩ គីឡូម៉ែត្រ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អនុវត្តន៍តាមផែនការ សហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាលវៀតណាម សាលាមិត្តភាពនគរបាល កម្ពុជា-វៀតណាម ត្រូវបានចាប់ផ្តើមបើក ការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ ក្នុងរយៈពេល ២៩ ខែ ក្នុងនោះ ក្រសួងនគរបាលវៀតណាម បានឧបត្ថម្ភថវិកាចំនួន ២.២០០.០០០ ដុល្លារ សម្រាប់កសាងអគារធំ ១ ខ្នង អគារស្នាក់នៅ សម្រាប់បុគ្គលិក ១ ខ្នង អគារហ្វឹកហាត់ពហុវិទ្យា ១ ខ្នង រួមទាំងអគារផ្សេងៗ ជាច្រើនខ្នងទៀត។
ចំណែកលោក ត្រឹន ដាយខ្វាង (Tran Dai Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា នេះគឺជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការ លើស្មារតីជួយឧបត្ថម្ភគ្នា ទៅវិញទៅមក រវាងក្រសួងនគរបាលវៀតណាម ជាមួយក្រសួងមហាផ្ទៃកម្ពុជា។ ចំណងមិត្តភាព សាមគ្គីភាព វៀតណាម-កម្ពុជា ជាយូរមកហើយ បានក្លាយទៅជាទ្រព្យសម្បត្តិ ដ៏ឥតគណនា រវាងប្រជាជាតិទាំងពីរ មិនចំពោះតែបច្ចុប្បន្ននេះទេ គឺចំពោះកូនចៅ ទៅថ្ងៃមុខ។
លោក ត្រឹន ដាយខ្វាង បានថ្លែងបន្តថាៈ “មិត្តភាព រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តែងតែត្រូវបានថែរក្សា ពង្រឹងវិវត្តន៍ប្រសើរឡើង”។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជាការពិតណាស់ ក្នុងដំណើរឆ្លងកាត់លើមាគ៌ា សហប្រតិបត្តិការ ដើម្បីរួមគ្នារក្សាស្ថេរភាព សុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ភាគីទាំងពីរ (កម្ពុជា-វៀតណាម) មិនត្រឹមតែបានយកចិត្តទុកដាក់ លើវិធានការ យុទ្ធសាស្ត្រ និងពិសោធន៍ លើបញ្ហាឯកទេសជំនាញ ប៉ុណ្ណោះទេ គឺថែមទាំងពិចារណា អំពីគម្លាត និងតុល្យភាព រវាងដៃគូកិច្ចសហប្រតិបត្តិការ ដែលរួមមាន កត្តាសំខាន់ពីរគឺ កត្តាធនធានមនុស្ស និងកត្តាមធ្យោបាយ សម្ភារៈប្រើប្រាស់។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ “យើងកំពុងបង្ហាញវត្តមាន នៅទីនេះ គឺដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ សាលាមិត្តភាពនគរបាល កម្ពុជា-វៀតណាម សម្រាប់បណ្តុះបណ្តាល ហ្វឹកហ្វឺន បំពាក់បំប៉ន ជំនាញនគរបាល អន្តរាគមន៍ពិសេស ជូនកងកម្លាំងនគរបាលជាតិកម្ពុជា”។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តទៀតថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលបានប្រសូត្រចេញ ពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម និងស្តែងចេញពីការចែករំលែក ធនធានរបស់ក្រសួងនគរបាលវៀតណាម សំដៅរួមចំណែកអភិវឌ្ឍន៍ ធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិកម្ពុជា។
បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា មានសុវត្ថិភាព មានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងការអភិវឌ្ឍ លើគ្រប់វិស័យ ក៏ប៉ុន្តែដើម្បីធានានូវចីរភាព ក្នុងការអភិវឌ្ឍន៍ប្រទេស រាជរដ្ឋាភិបាល បានដាក់ចេញវិធានការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេស បានដាក់ចេញបន្ថែមទៀត នូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព សំដៅរក្សាឲ្យបានស្ថេរភាព សុវត្ថិភាពសង្គម ដោយធ្វើការទប់ស្កាត់ នូវរាល់សកម្មភាព ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ។ ស្ថិតក្នុងបរិបទខាងលើនេះ កងកម្លាំងកម្ពុជា គឺជាកងកម្លាំងស្នូល ក្នុងការប្រឈមមុខដោះស្រាយ បញ្ហាទាំងអស់នោះ ហើយកងកម្លាំងនគរបាល អន្តរាគមន៍ពិសេស គឺជាផ្នែកមួយយ៉ាងសំខាន់ មានភារកិច្ចដោះស្រាយ ហេតុការណ៍បន្ទាន់។
លោក ស ខេង បានបន្ថែមថាៈ “កងកម្លាំងទាំងអស់ ទាមទារឲ្យមានវិជ្ជាជីវៈ ពិតប្រាកដ ពោលគឺទទួលបាននូវ ការបណ្តុះបណ្តាល និងហ្វឹកហាត់មុខជំនាញ ឲ្យបានច្បាស់លាស់ និងស្ទាត់ជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រង សម្រាប់កិច្ចសហប្រតិបត្តិការ”៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น