Posted by Unknown
Posted on 08:13
with No comments
ភ្នំពេញ: ទំនប់អាងត្រពាំងថ្ម ដែលទទួលការគំរាមកំហែង ពីជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយ កំពុងត្រូវបានធ្វើការ ពង្រឹងឡើងវិញ ដោយរៀបថ្ម នៅតាមជើងទំនប់ខាងក្នុងអាង សម្រេចបានលទ្ធផលការងារ ៧០ ភាគរយ នៃគម្រោងហើយ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក ខេត្តមន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ថា គម្រោងជួសជុល ទំនប់អាងត្រពាំងថ្ម ដែលបានអនុវត្ត កាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ មកទល់ពេលនេះ សម្រេចលទ្ធផលបាន ជាង ៧០ ភាគរយ នៃគម្រោងហើយ។ គម្រោងនេះ នឹងត្រូវបញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០១៥។
ប្រភពខាងលើ បាននិយាយឲ្យដឹងទៀតថា ទំនប់អាងត្រពាំងថ្ម ដែលកំពុងរៀបថ្ម នៅជើងទំនប់ក្នុងអាង មានប្រវែងប្រមាណជា ៣,៧ គីឡូម៉ែត្រ កើតមានឡើង បន្ទាប់ពីទំនប់អាងទឹកនេះ ទទួលរងការគំរាមកំហែង ពីជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ រួចមក។ ការពង្រឹងជើងទំនប់អាងត្រពាំងថ្ម ដែលភាគច្រើន ប្រើប្រាស់កម្លាំងពលកម្ម របស់ប្រជាជននៅមូលដ្ឋាននេះ ចំណាយថវិកា បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោក យឹម ប៊ុនរ៉ុម បានឲ្យដឹងទៀតថា អាងត្រពាំងថ្ម អាចតម្កល់ទឹកទុកបាន ១៨០ លានម៉ែត្រគូប សម្រាប់ស្រោចស្រព លើដីស្រែ បានចំនួនជាង ១ ម៉ឺនហិកតា តែដោយសារនៅឆ្នាំនេះ មានការដ្ឋានពង្រឹងជើងទំនប់ ទើបការតម្កល់ទឹកទុក ត្រឹមតែប្រមាណជា ៤០ លានម៉ែត្រគូប និងកំណត់ឲ្យប្រជាកសិករ ធ្វើស្រែតែបួនពាន់ហិកតា។ តែជាក់ស្តែងប្រជាជន ធ្វើបានដល់ប្រាំបីពាន់ហិកតា៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น