Home » » តើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​​​តាម​ផ្លូវ​អាកាស​​រវាង​កម្ពុជា​និង​ជប៉ុន​​ធ្វើ​នៅ​​ថ្ងៃ​នេះ​មាន​សារៈ​សំខាន់​ដូច​ម្ដេច​​​?​

តើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​​​តាម​ផ្លូវ​អាកាស​​រវាង​កម្ពុជា​និង​ជប៉ុន​​ធ្វើ​នៅ​​ថ្ងៃ​នេះ​មាន​សារៈ​សំខាន់​ដូច​ម្ដេច​​​?​


កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ស្ដី​ពី​ការ​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​រវាង​កម្ពុជា និង​ជប៉ុន​នឹង​​ត្រូវ​ចុះ​ហត្ថលេខា​​នា​រសៀល​​នេះ ​នៅ​​ក្នុង​​ទី​ស្ដី​ការ​ក្រសួង​ការ​បរទេស ​និង​សហការ​ប្រតិបត្តិ​ការ​អន្តរជាតិ​(MFA-IC)​ដើម្បី​ផ្ដល់​ការ​អនុញ្ញាត​​ឱ្យ​មាន​ការ​ដឹកជញ្ជូនតាម​ផ្លូវ​អាកាស​រវាង​ប្រទេស​ទាំង​ពីរ​។

​​កិច្ច​ព្រម​​ព្រៀង​ផ្ដល់​សេវាកម្ម​​​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​នេះ​ នឹង​ត្រូវ​ចុះ​ហត្ថលេខា​​ដោយ​​លោក​ ម៉ៅ ហាវណ្ណាល់​ រដ្ឋ​លេខាធិការ​នៃ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​​​កម្ពុជា​ ជាមួយ​នឹង​លោក គូម៉ាម៉ារុ​ យុជី​ ឯក​អគ្គរាជ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ ប្រចាំ​កម្ពុជា​​ ។

​អគ្គនាយករង​​នៃ​អគ្គនាយកដ្ឋាន​អាកាសចរ​ស៊ីវិល​​កម្ពុជា​លោក​ ស៊ីន​ ចាន់ សិរីវុត្ថា​​ឱ្យ​ TheBNEWS​ ដឹង​​ថា ​កិច្ច​ព្រម​ព្រៀង​ទ្វា​ភាគី​នេះ​​គឺ​​អនុញ្ញាត​ក្រុម​ហ៊ុន​នីមួយ​ៗ​នៅ​ក្នុង​ប្រទេស​​ទាំង​ពីរ​​​អាច​​ហោះ​ហើរ​ដោយ​ស្រប​ច្បាប់​​​​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​បាន​។ លោក​បន្ត​ថា​ ក្រោយ​ពី​ចុះ​កិច្ច​ព្រម​ព្រៀង​​នេះ​​រួច​មក ​​ភាគី​ទាំង​ពីរ​គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចរចា​គ្នា​​ទៅ​លើក​​ការ​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​​អាកាស​នេះ​ ។​

លោក​មាន​ប្រសាសន៍​ថា​៖« កាល​ណា​យើង​មាន​កិច្ច​ព្រម​ព្រៀង​នេះ​ពេញ​លេញ​ ​យើង​អាច​ចរចា​គ្នា​ពី​ចំនួន​ហោះ​ហើរ​មាន​ប៉ុន្មាន​ក្រុម​ហ៊ុន​ហោះ​ប៉ុន្មាន​ជើង?​ ការ​ធានា​រ៉ាប់​រង​នៃ​ប្រទេស​ទាំង​ពីរ​ដូច​ម្ដេច​ខ្លះ?​​​ នៅ​ពេល​គេ​ហោះ​មក​យើង ​ត្រូវ​សម្រួល​ហើយ​នៅ​ពេល​ហោះ​ទៅ​វិញ​យើង​ត្រូវ​សម្រួល​យ៉ាង​ម៉េច​វិញ​ » ។ ​​​​​​​​​​

លោក​បញ្ជាក់​ថា ​​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​នេះ​គឺ​ជា​ដំណាក់​ការ​ទី​ពីរ​បន្ទាប់​​ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​​នៃ​ការ​យោគយល់​(MoU)​ទៅ​លើ​ការ​ហោះ​ហើរ​​រួច​មក​ ។​​​

​​លោក សិរីវុត្ថា ​​ក៏​ធ្លាប់​ឱ្យ ​TheBNEWS ដឹង​ដែរ​​ថា ​​នៅ​ក្នុង​ខែ​មករា​​នេះ​ ក្រុម​ហ៊ុន​អាកាសចរណ៍​ជប៉ុន​(ANA)នឹង​បើក​ប្រតិបត្តិ​ការ​​ហោះ​ហើរ​ចំនួន​៨​លើក​​របស់​ ខ្លួន​ជា​លើក​ដំបូង​មក​កាន់​ខេត្ត​សៀមរាប​ ដោយ​ប្រើ​យន្ត​ហោះ​ប្រភេទ​ Boeing 300 EA 767 ដែល​អាច​ផ្ទុក​​មនុស្ស​បាន​ចន្លោះ​ពី ​២៥០​នាក់​ទៅ​ ៣០០​នាក់​ ៕​


Share this article :

0 ความคิดเห็น:

แสดงความคิดเห็น