Home » » រឿង​ “កូន​មាស​ម្ដាយ” ក្រោយ​បញ្ចាំង​នៅ​ខ្មែរ​ និង ពង្រីក​ទីផ្សារ​ទៅ​កាន់​ពិភពលោក

រឿង​ “កូន​មាស​ម្ដាយ” ក្រោយ​បញ្ចាំង​នៅ​ខ្មែរ​ និង ពង្រីក​ទីផ្សារ​ទៅ​កាន់​ពិភពលោក



“កូន​មាសម្ដាយ” ដែល​សាច់​រឿង​ឯកសារ​ជីវិត​ពិត​របស់​ លោក ខៀវ កុសល នឹង​ចាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣០ ខែ​ មករា​ខាងមុខ​នេះ។ បន្ទាប់​ពី​ចាក់​នៅ​ស្រុក​ខ្មែរ រឿង​នេះ​ត្រៀម​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​ប្រទេស​ធំៗ ក្នុង​លោក។
ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផលិត​កម្ម ស្ទូឌីយោ រីវ៉ូល បាន​ឲ្យ​ដឹង​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា ការ​ចាក់​បញ្ចាំង​មុន​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​បើក​ឆាក​សម្រាប់​ចាក់​បញ្ចាំ​នៅ​ជុំវិញ​ពិភព​លោក​ ដែល​នាំ​យក​ទៅ​បញ្ចាំង​នៅ​ទីក្រុង​ប៊ែរឡាំង ចក្រភព​អង់គ្លេស និង ប្រទេស​សិង្ហបុរី ។
ចាប់​ពី​ខែ មេសា ដល់​ ខែ​ឧសភា ឆ្នាំ ២០១៥ រឿង​ “កូនមាសម្ដាយ” នឹង​បន្ត​មហិច្ឆតា ក្នុង​ការ​ចាក់​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក​ ប្រទេស​កាណាដា និង ម៉ិកស៊ីកូ ហើយ​តាម​ការ​គ្រោង​ក៏​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​​អនីតិជន​និង​ព្រំដែន​ទីក្រុង​ដែល​ត្រូវ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​គោល​នយោបាយ​និរទេស។
នៅ​ក្នុង​សេចក្ដី​ប្រកាស​ដដែល​បាន​រំលឹក​ដែរ​ថា រឿង “កូន​មាស​ម្ដាយ” កាល​ពី​ដើម​ឆ្នាំ ២០១៤ កន្លង​ទៅ​ទទួល​បាន​កិត្តិយស​ចាក់​បញ្ចាំង​លើក​ដំបូង​នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​ នៅ​ក្នុង​មហោស្រព​ភាព​យន្ដ​អន្ដរជាតិ​ នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ប្រជាជន​អាស៊ី-អាមេរិក​ លើក​ទី ៣២។
ក្រុម​គណៈកម្មការ​បាន​សម្រេច​​ជា​ឯកឆ័ន្ទ​ក្នុង​ការ​ផ្ដល់​​ពាន​រង្វាន់​សម្រាប់​ភាព​យន្ដ​ឯកសារ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៤ ដល់​រឿង​នេះ។ បន្ទាប់​ពី​ទទួល​បាន​​ការ​កោត​សរសើរ​ពី​សហរដ្ឋ​អាមេរិក​ ភាពយន្ដ​នេះ មាន​អ្នក​ទស្សនា​ពេញៗ​នៅ​ក្នុង​ ២២​ ក្រុង។ លទ្ធផល​ដ៏​ល្អ​នៃ​ការ​បញ្ចាំង​ភាព​យន្ដ​ បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នៅ​ក្រុង ឡូសអាន់ជឺឡែស រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក First Pond Entertainment ដែល​មាន​ជំនាញ​ក្នុង​ការ​ចែកចាយ​ភាពយន្ដ​ឯករាជ្យ​ព្រម​ធ្វើ​ជា​តំណាង​លក់​របស់​រឿង​មួយ​នេះ។
ផលិតករ​​ភាពយន្ដ លោក​ ម៉ាសាហ៊ីរ៉ូ ដែល​ជា​អ្នក​ដឹកនាំ​រឿង “កូន​មាសម្ដាយ” បាន​បង្ហាញ​ពី​ជីវិត​ពិត​របស់​ លោក ខៀវ កុសល និរទេស​ខ្លួន​ពី​សហរដ្ឋអាមេរិក​ក្រោយ​ពី​បញ្ចប់​ទោស​អស់​រយៈ​ពេល ១៤ ឆ្នាំ នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ក្លាយ​ជា​កវី​ខាង​កាព្យ​អង់គ្លេស​លំដាប់​ពិភព​លោក​នៅ​កម្ពុជា។ ខែភាពយន្ដ​ដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​នេះ គឺ​ត្រូវ​បាន​ថត​នៅ​ក្នុង​ប្រទេស​ប្រាំ​ផ្សេង​គ្នា និង ត្រូវ​បាន​រៀប​ចំ​ជា​បី​ភាសា​ជា​ភាពយន្ដ​ឯកសារ​​ បង្ហាញ​ពី​ឥទ្ធិពល​ និង សារ​សំខាន់​នៃ​ពេល​វេលា​របស់​ ខៀវ កុសល មិត្ត​ភ័ក្រ្ដិ​ គ្រួសារ អ្នក​ដែល​បាន​ជួយ និង ក្រុម​អ្នក​គាំទ្រ​ជា​លក្ខណៈ​អន្ដរជាតិ​ចំពោះ​ កុសល។
ខ្សែភាពយន្ត​នេះ នឹង​ចាក់​បញ្ចាំង​ជូន​សាធារណជន​ ចាប់​ពី​ថ្ងៃ​សុក្រ ទី ៣០ ខែ មករា នៅ​រោងភាពយន្ត Major Cineplex by Cellcard, Platinum Cineplex, និង រោងភាពយន្ត Legend Cinema។ ខ្សែភាពយន្ត​នេះ នឹង​ចាក់​បញ្ចាំង​យ៉ាង​ហោច​ណាស់​រយៈពេល​ពេញ​មួយ​សប្ដាហ៍​នៅ​រោងភាពយន្ត​ចំនួន​ ៥ ក្នុង​រាជធានី​ភ្នំពេញ។ ក្រោយ​ពី​បញ្ចាំង​នៅ​ស្រុក​ខ្មែរ រឿង​ “កូនមាសម្ដាយ”​ ត្រៀម​ពង្រីក​ទីផ្សារ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ដូច​បាន​រៀបរាប់​ខាង​លើ។
តួអង្គ​សំខាន់​នៅ​ក្នុង​រឿង “កូន​មាសម្ដាយ” លោក ខៀវ កុសល ធ្លាប់​បាន​និយាយ​ប្រាប់​គេហទំព័រ​ Sabay ថា ក្រោយ​ពី​រឿង​នេះ​បញ្ចាំង​ទាំង​ក្នុង​ស្រុក និង នៅ​លើ​ឆាក​អន្តរជាតិ រំពឹង​ថា ថ្ងៃ​ណាមួយ​សហរដ្ឋអាមេរិក​ នឹង​លុបចោល​​នូវ​ច្បាប់​​និរទេស​ដ៏​អយុត្តិធម៌ ដើម្បី​ឲ្យ​គ្រួសារ​​អាច​ជួប​ជុំ​គ្នា​វិញ​បាន​ ខណៈ​លោក​កំពុង​រស់​នៅ​​ក្នុង​នាម​​អ្នក​​​និរទេស​ខ្លួន​ពី​​អាមេរិក​មក​ កម្ពុជា ហើយ​លោក​ត្រូវ​រស់​នៅ​បែក​ពី​ម្ដាយ និង បងស្រី​ចំនួន​ ៦នាក់ នៅ​ឯ​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក៕

Share this article :

0 ความคิดเห็น:

แสดงความคิดเห็น