Home » » កីឡាករ​ឌី​ហ្គេ​លអាច​ជួប​កេ​ស្ល៊័​រ ប្រ​សិន​ខាល​ហ្វ្រ​ច់​ព្រម​ដាក់​ឱ្យ​ទំនេរ​ខ្សែក្រវាត់ IBF

កីឡាករ​ឌី​ហ្គេ​លអាច​ជួប​កេ​ស្ល៊័​រ ប្រ​សិន​ខាល​ហ្វ្រ​ច់​ព្រម​ដាក់​ឱ្យ​ទំនេរ​ខ្សែក្រវាត់ IBF


កីឡាករ​ប្រដាល់​អង់គ្លេស ជេ​ម ឌី​ហ្គេ​ល អាច​ជ្រើស​យក​ការ​ជួប​ជាមួយ​កីឡាករ​ដា​ណឺ​ម៉ាក មី​ក​គែល កេ​ស្ល៊័​រ ឬ​កីឡាករ​មិត្ត​រួម​ជាតិ​រ៉ុ​ក​គី​ហ្វៀ​ល​ឌី​ង សម្រាប់​ការ​ប្រកួត​ក្នុង​ឆ្នាំ​ថ្មី​របស់​ខ្លួន ប្រសិនជា​កីឡាករ​ខាល ហ្វ្រ​ច់ ដាក់​ឱ្យ​ទំនេរ​ខ្សែក្រវាត់​ស្ថាប័ន IBF ។

ឌី​ហ្គេ​ល វ័យ​២៨​ឆ្នាំ បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​យ៉ាង​មមាញឹក ខណៈ​រូបគេ​នឹង​ត្រូវ​ឡើង​សង្វៀន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ រូបគេ​គឺជា​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ស្ថាប័ន IBF ពី​ខាល ហ្វ្រ​ច់ តាម​អាណត្តិ​កំណត់ ។

យ៉ាងណា​ក៏​ដោយ ហ្វ្រ​ច់ វ័យ​៣៧​ឆ្នាំ​ហាក់​រារែក​មិន​ចង់​ប្រកួត​ជាមួយ​កីឡាករ​ឌី​ហ្គេ​ល​នោះ​ឡើយ ដោយ​គេ​សំអាង​ថា ជា​ការ​ប្រកួត​ដែល​គ្មាន​ការ​ទាក់ទាញ និង​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ ។ ផ្ទុយ​ពី​នេះ ហ្វ្រ​ច់ ប្រាថ្នា​ចង់បាន​ការ​ប្រកួត​នៅ​អា​មេ​រិ​ក ។ កីឡាករ​អង់គ្លេស​រូប​នេះ​ដែល​បច្ចុប្បន្ន​គ្រង​ខ្សែក្រវាត់​ស្ថាប័ន WBA ផង​ដែរ​នោះ​បាន​និយាយ​ថា រូបគេ​នឹង​ចូល​និវត្តន៍ ប្រ​សិន​ការ​ជួប​គ្នា​ជាមួយ Julio Cesar Chavez Jr នៅ​ក្រុង​ឡាស​វេ​ហ្គា​ស មិន​អាច​លេច​ចេញ​ជា​រូបរាង ។

ចំណែក​លោក Jim McDonenell គ្រូបង្ហាត់​កីឡាករ​ឌី​ហ្គេ​ល និយាយ​ថា ៖ «​ខ្ញុំ​បានឮ​ពី​ការ​លើកយក​ឈ្មោះ​កីឡាករ​ហ្វៀ​ល​ឌី​ង ម្នាក់​ផង​ដែរ​។ គេ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​ស្ថាប័ន IBF ហើយ​កីឡាករ​ម្នាក់​ទៀត​ដែល​ខ្ញុំ​បានឮ​ឈ្មោះ​ដែរ​នោះ​គឺ Andre Dirrell ឯ​អ្នក​ទី​៣ គឺ​កីឡាករ​មី​ក​គែល កេ​ស្ល៊័​រ ។ ប៉ុន្តែ កីឡាករ​ដា​ណឺ​ម៉ាក​រូប​នេះ​គ្មាន​ចំណាត់ថ្នាក់​ក្នុង​ស្ថាប័ន IBF ទេ​។ យ៉ាងណា​ក៏​ដោយ ខ្ញុំ​សូម​ជម្រាប​ថា ឌី​ហ្គេ​ល នឹង​ត្រូវ​តែ​ឡើង​សង្វៀន​ដោយ​ខានមិនបាន​ខណៈ​ការ​ហ្វឹកហាត់​បាន​បញ្ចប់ ។ កូនសិស្ស​របស់ខ្ញុំ​ចង់​ប្រកួត​ជាមួយ ខាល ហ្វ្រ​ច់ ជាង​អ្នក​ណា​ទាំងអស់ ។ ខ្ញុំ​យល់​ថា រវាង​ជំនួប​ពួក​គេ​នឹង​ពិតជា​អាច​ទាក់ទាញ​បាន​អ្នកគាំទ្រ​យ៉ាងច្រើន ។ ឥឡូវនេះ អ្វី​ដែល​នៅ​សេសសល់​គឺ​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​របស់ ខាល ហ្វ្រ​ច់​» ។

សូម​បញ្ជាក់​ថា ឌី​ហ្គេ​ល ដែល​ជា​ម្ចាស់​មេដាយមាស​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង​ឆ្នាំ​២០០៨​ផង​នោះ ធ្លាប់​ប្រកួត​បាន​២១​លើក ក្នុង​នោះ​ចាញ់​១​លើក និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៤​លើក​។ ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​ទីក្រុង​លី​វើ​ភូ​ល កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤ ផ្តួល​កីឡាករ​ម៉ិ​ក​ស៊ិ​ក Marco Antonio Peribán ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ៕

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

Share this article :

0 ความคิดเห็น:

แสดงความคิดเห็น